មណ្ឌលគិរី ៖ ក្រោយពីកើតមានករណីផ្ទុះគ្រាប់ សំណល់ពីសម័យសង្គ្រាម បណ្តាលឱ្យស្លាប់ជនជាតិព្នងចំនួន៤នាក់ និង២នាក់ទៀតរងរបួស កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងព្រៃ ចំណុចត្រពាំងតុង ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីភូមិស្រែអុី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រួចមក កម្លាំងសមត្ថកិច្ចជំនាញ អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ស្រាវជ្រាវ ចុះពិនិត្យកោសល្យវិច័យ ។

សូមចុចអាន៖ ហុងដាវ៉េវជិះលឿនជ្រុលបុកខឿនបង្កាន់ដៃស្ពាន បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង 

ជនរងគ្រោះ មួយគ្រួសារ ជាជនជាតិភាគតិច «ព្នង» ចំនួន៦នាក់ មាន៤នាក់បានស្លាប់ ៖ ទី១ ឈ្មោះ ធើម ក្លេវ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុក , ទី២ ឈ្មោះ ក្លើវ ដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ត្រូវជាកូន , ទី៣ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាចៅ , ទី៤ ឈ្មោះ ដា សា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាចៅ ។ ចំណែកជនរងរបួសចំនួន២នាក់ម្តាយកូន ឈ្មោះ តែក ខ្លុង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធរបស់ឈ្មោះ ក្លើវ ដា និង ឈ្មោះ ដា វាសនា អាយុ៦ឆ្នាំ ត្រូវជាចៅ ។ 

តាមសមត្ថកិច្ច ចុះទៅធ្វើការពិនិត្យ ស្រាវជ្រាវ ដល់ទីតាំងកើតហេតុឃើញថា មុនកើតហេតុ ជនរងគ្រោះមួយគ្រួសារ នាំគ្នាចូលព្រៃ ចម្ងាយពីភូមិប្រមាណ១០គីឡូម៉ែត្រ ដើម្បីដើររើសជ័រចុង លុះដល់ចំណុចកើតហេតុ ក៏នាំគ្នាឈប់សម្រាក ពេលនោះ ឈ្មោះ ធើម ក្លេវ ឃើញគ្រាប់មិនទាន់ផ្ទុះ B41 សភាពចាស់ នៅផ្អែកគល់ឈើ វាជាវត្ថុចាស់ គ្រាន់តែឈ្មោះ តែក ខ្លុង ដឹកដៃកូនស្រីឈ្មោះ ដា វាសនា ដើរចេញបានប្រហែល៧ម៉ែត្រ ត្រូវបាន ប្តីឈ្មោះ ក្លើវ ដា យកកាំបិតផ្គាក់វាយគ្រាប់នោះ បណ្តាលឱ្យផ្ទុះ តែម្តង ។

ក្រោយពីកើតហេតុ ករណីផ្ទះគ្រាប់ខាងលើ ជនរងរបួស២នាក់ ម្តាយកូនត្រូវបានបញ្ជូនទៅសម្រាកព្រាលបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពជនរងគ្រោះចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ សហគមន៍ ចូលទៅក្នុងព្រៃកន្លែងកើតហេតុ ពិនិត្យកោសល្យវិច័យរួចរាល់ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានប្រមូលបញ្ជូនសាកសពចេញពីក្នុងព្រៃ ដើម្បីឱ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណីជនជាតិ ៕

Share.