លោក Jérôme de Bontin

នៅថ្ងៃសុក្រ ទី១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ដំណឹងចុងក្រោយនឹងត្រូវបានបង្ហាញ ខណៈមានបុគ្គលមួយរូបទៀតបានចូលខ្លួនមកប្រជែងគ្នាជាមួយព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្នុងការទិញក្លិប​បាល់ទាត់​​លីគ​កំពូល​បារាំង AS Saint-Etienne មកកាន់កាប់។

បើ​តាម​សារព័ត៌មាន​បារាំង france24 បាន​បញ្ជាក់​ថា​គិត​ត្រឹម​ពេល​នេះ​មាន​បេក្ខភាព​តែ​២រូប​ប៉ុណ្ណោះ ដែល​ដាក់​សំណើរ​ទិញ​ក្លិប​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​បារាំង ច្រើន​ជាង​គេ​មួយ​នេះ ដោយ​ក្នុង​នោះ​មាន​ព្រះអង្គ​ម្ចាស់ នរោត្តម រ៉ាវីចក្រ និង​មួយ​ទៀត​គឺ​លោក Jérôme de Bontin។

អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុន​​​១៧​ និង​យីហោ​ល្បីៗ​២២ នៅ​ពី​ក្រោយ​ព្រះអង្គ នរោត្តម រ៉ាវីចក្រ ស្នើ​ទិញ​ក្លិប​​បារាំង

លោក Jérôme de Bontin កើតនៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៥៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានវ័យ ៦៤ឆ្នាំ។ គាត់គឺជាអ្នកជំនួញបារាំង-អាមេរិក ដែលមានបទពិសោធន៍ក្នុងនាមជាប្រធានក្លិបបាល់ទាត់ AS Monaco និង New York Red Bulls។ ក្រៅពីវិស័យកីឡាករគាត់គឺជាទីប្រឹក្សាជាន់ខ្ពស់ និងជាដៃគូនៅក្រុមហ៊ុន Capricorn Investment Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុនបណ្តាក់ទុនដែលមានការិយាល័យនៅ Silicon Valley និងទីក្រុងញូវយ៉ក។

អ្វី​ដែល​នៅ​ស្រពិចស្រពិល​នោះ​គឺ​ថា​ ម្ចាស់ភាគហ៊ុនធំពីររបស់​ក្លិប​បាល់ទាត់​ Saint-Etienne គឺលោក Bernard Caïazzo និង Roland Romeyer កំពុងមានគំនិត ផ្ទុយស្រឡះពីគ្នា។ បើ​តាម​សារព័ត៌មាន​ L’Equipe បានអោយដឹងថាលោក Roland Romeyer ងាកទៅរកលោក Jérôme de Bontin អ្នកជំនួញបារាំង-អាមេរិក ចំណែកឯលោក Bernard Caïazzo គាំទ្រ ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ ជា​ម្ចាស់​ក្លិប​ថ្មី។

អត្ថបទពាក់ព័ន្ធ៖សម្តេច នរោត្តម ចក្រព័ង្ស់​​៖រឿង​​​ទិញ​ក្លិប​​បាល់ទាត់​បារាំង របស់​​​បុត្រ​ទី៨ ជា​ការ​វិនិយោគ​ឯកជន​សុទ្ធសាធ

ប៉ុន្តែ ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ ជាបេក្ខភាពនាំមុខគេ ព្រោះដំណាងរបស់ទ្រង់បានចូលខ្លួនទៅពិក្សាយ៉ាងលម្អិតជាមួយភាគីក្លិបអស់រយៈពេល១សប្ដាហ៍មកនេះ ពិសេសទ្រង់បានលើកឡើងនូវគោលការណ៍សំខាន់ៗ ដើម្បីធនានិរន្តភាពហិរញ្ញុវត្ថុរបស់ក្លិប ដោយទ្រង់នឹងនាំយកក្រុមហ៊ុនមកពីប្រទេសចិនចំនួន១៧ ដែលកំពុងចាប់អារម្មណ៍ឧបត្ថម្ភដល់ក្លិបបារាំងមួយនេះ។

​​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ

សូម​បញ្ជាក់​ថា​​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បាន​ដាក់​សំណើរ​តាម​រយៈ​ធនាគារ ​KPMG ទិញ​យក​ក្លិប AS Saint-Étienne ចំនួន​១០០លាន​អឺរ៉ូ កាល​ពី​ពេល​ថ្មីៗ ខណៈ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង Saint-Étienneមួយ​នេះ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ ចាប់​តាំង​ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​ កន្លង​មក​ម៉្លេះ៕

Telegram-Troryorng
Share.