ក្លិប​បាល់ទាត់ Lion City Sailors បាន​គ្រង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី (Singapore Premier League) រដូវកាល​ឆ្នាំ​២០២១ នេះ ខណៈ​ក្រុម​ដែល​ប្តូរ​ឈ្មោះ​ពី Home United នេះ​ជា​ក្រុម​​បាល់ទាត់​ក្នុង​ស្រុក​ដំបូង​ដែល​ឈ្នះ​ជើង​ឯក​​ប្រទេស​ខ្លួន​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក ព្រោះ​រាល់​លើ​សុទ្ធ​តែ​ជា​ក្រុម​បរទេស​ទាំង​អស់​គ្រង​ជើង​ឯក។

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​មួយ​​​នៅ​សិង្ហបុរី ចាប់ដៃ​ជាមួយ Borussia Dortmund របស់​អាល្លឺម៉ង់ រយៈពេល​២ឆ្នាំ​កន្លះ

ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី មាន​សមាជិក​៨ក្រុម ខណៈ​ប្រកួត​​វិលជុំ​ចំនួន​២១​ប្រកួត ហើយ​ក្រុម Lion City Sailors បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​បន្ទាប់​ពី​ឈ្នះ​បាន​១៤លើក ស្មើ​៦លើក និង​ចាញ់១លើក ទាត់​បញ្ជូល​ទី​គេ​បាន​៥៩គ្រាប់ តែ​គេ​ទាត់​ចូល​វិញ​ចំនួន២១គ្រាប់។

ក្រុម​បាល់ទាត់ Warriors FC ជា​ក្រុម​ក្នុង​ស្រុក​ដែល​ឈ្នះ​ពានរង្វាន់ S League នៅ​ឆ្នាំ​២០១៤ ហើយ​គិត​ពី​​ពេល​នោះ​មក​ក្រុម​បាល់តាត់ DPMM FC របស់​ប្រ៊ុយណេ យក​ឈ្នះ​ជើង​ឯក​បាន​២លើក ២០១៥​និង​២០១៩ និង​ក្រុម​បាល់ទាត់ Albirex Niigata (S) របស់​ជប៉ុន យក​ឈ្នះ​ជើង​ឯក​បាន ៤លើក​ផង​ដែរ​នៅ​ឆ្នាំ​២០១៦,២០១៧,២០១៨​និង​២០២០។

ក្រុម​បាល់ទាត់ Lion City Sailors បាន​ចាយ​ប្រាក់​យ៉ាង​ច្រើន​នៅ​រដូវកាល​នេះ​ពោល​គឺ​បាន​នាំយក​​ខ្សែ​បម្រើ Diego Lopesមក​ពី​ក្រុម Roi Ave របស់​ព័រទុយហ្គាល់ ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ​ជិត​៣លាន​ដុល្លារ​អាមេរិក ហើយ​នេះ​ជា​​កំណត់​ត្រា​ខ្ពស់​ជាង​គេ​ប្រចាំ​លីគ​ក្នុង​អាស៊ាន​មួយ​នេះ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្លិប​របស់​សេដ្ឋ​ប្រាក់​ពាន់​លាន Forrest Li បាន​នាំ​យក​គ្រូ​បង្វឹក​កូរ៉េខាងត្បូង Kim Do-Hoon ដែល​ធ្លាប់​ឈ្នះ​ពាន AFC Champion League មក​ដឹកនាំ​ក្រុម​កាល​ពី​ខែ​ឧសភា ផង​ដែរ​។

ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​ក្រុម Lion City Sailors ទទួល​បាន​ប្រាក់​រង្វាន់ $150,000 មេដាយ​មាស​ម្នាក់១ និង​ពានរង្វាន់​ចំនួន១ ហើយ​ក្រុម​ជើង​ឯក​រងAlbirex Niigata (S) ​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​​ប្រាក់​រង្វាន់ $80,000 និង​ក្រុម​លេខ៣ Hougang United ទទួល​បាន​មេដាយ​សំរឹទ្ធ​ម្នាក់១ និង​ទឹកប្រាក់​ $40,000។

អត្ថបទពាក់ព័ន្ធ៖សេដ្ឋី​ប្រាក់​ពាន់លាន​ ថៅកែ​ក្លិប​ Lion City Sailors ជាប់​​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​សិង្ហបុរី

ដូច្នេះ​ក្រុមLion City Sailors មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី AFC Champions League 2022ក្នុង​វគ្គ​ចែក​ពូល ហើយ​ក្រុម Hougang United និង​ក្រុម Tampines Rovers តំណាង​ឱ្យ​សិង្ហបុរី មាន​ឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2022៕

Telegram-Troryorng
Share.