ភាពយន្ត​ភាគ​​កូរ៉េ​ «Squid Game» ​ជោគជ័យ​និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ អាច​និយាយ​បាន​ថា​ Viral ទូទាំង​ពិភពលោក​ រហូត​ធ្វើ​ឱ្យ​ IG តួ​ស្រី​លោត​ឡើង​ខ្ពស់​វ៉ាដាច់​ Song Hye Kyo ថែម​ទាំង​ជា​រឿង​ដែល​មាន​ចំនួន​ចុច​ចូល​ទស្សនា​ច្រើន​ជាង​គេ​បំផុត​នៅ​លើ App Netflix យក​ឈ្នះ​ម្ចាស់​ពាន​ចាស់​ «Bridgerton» ថែម​ទៀត​ផង​។

សូម​ចុច​អាន ​តួ​ស្រី​ «Squid Game» ​​ល្បី​ខ្លាំង​​រហូត​មាន​អ្នក​ ​Follower IG ​ហក់​ឡើង​ខ្ពស់​​វ៉ា​ដាច់​ ហាន់ ជីអ៊ុន​

លំហូរ​នៃ​ភាព​ល្បីល្បាញ​នៃ​រឿង​នេះ​ហាក់​មិន​ចប់​ងាយៗ​នោះ​ឡើយ​ទោះ​ជា​សាច់​រឿង​បានចប់​ទៅ​ហើយ​ក្ដី​ ព្រោះ​ក្នុង​ការ​សម្ភាស​មួយ​របស់​ Super Star បាល់​បោះ​​ដ៏​ល្បីល្បាញ​លោក​ LeBron James ម្ចាស់​រហស្សនាម​ King James ចេញ​មកបង្ហាញការ​មិន​ពេញ​ចិត្ត​ចំពោះ​ភាគ​បញ្ចប់​ពិសេស​ចំណុច​ចប់​របស់​សាច់​រឿង​នេះ​ ដែល​សបញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា​រឿង​ភាគ​កូរ៉េ​មួយ​នេះ​ពិត​ជា​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ ព្រម​ទាំង​មាន​អ្នក​ទស្សនា​គ្រប់​ភេទ​ គ្រប់​វ័យ​ និង​គ្រប់​អាជីព​។

នៅ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្មី​នេះ​ James បាន​ជជែក​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​បាល់បោះ​របស់​លោក​ Anthony Davis ថា​លោក​មិន​ពេញ​ចិត្ត​ភាគ​បញ្ចប់​របស់​រឿង​ «Squid Game» ត្រង់​ចំណុច​ដែល​ SEONG GI-HUN តួ​អង្គ​ឯក​របស់​រឿង​នេះ​ ជ្រើសរើស​នៅ​ប្រទេស​កូរ៉េ​បន្ត​ទៀត​ ហើយ​ (អាច​នឹង​) រក​វិធី​ចូលរួម​លេង​ហ្គេម​ម្ដង​ទៀត​ ហើយ​​​មិន​ព្រម​ឡើង​យន្តហោះ​ទៅ​រក​កូន​ស្រី​នៅបរទេស​ ខណៈ​ដែល​ Anthony ក៏​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ LeBron ដូច​គ្នា​ថា​លោក​ក៏​មិន​​ពេញ​ចិត្ត​ចំពោះការ​បញ្ចប់​បែបនេះ​ដែរ​។

សូម​ចុច​អាន ប្រើ​លេខ​គេ​មិន​សុំ​​អនុញ្ញាត​ ម្ចាស់​​ប្ដឹង​ក្រុម​​ផលិត​​«Squid Game» ទារ​​​សំណងជាង​៤​ម៉ឺន​ដុល្លារ​

«មែន ខ្ញុំ​បាន​មើល​ចប់​ហើយ​» James បាន​និយាយ​ជាមួយ​នឹង​ Davis «ឯងបាន​មើល​ចប់​ឬនៅ​? មើល​ហើយ​មែនទេ?​ មែនហើយ ខ្ញុំ​មិន​ចូលចិត្ត​ភាគ​បញ្ចប់​របស់​រឿង​នេះ​នោះ​ទេ​ ខ្ញុំ​ដឹង​ថា​គេ​ធ្វើ​បែបនេះ​ព្រោះ​គេ​ចង់​ទុក​បន្ត​ទៅ​កាន់​រដូវ​កាល​ទីពីរ​ តែ​បែបនេះ…ស្លាប់ហើយ ឡើង​យន្តហោះ​ទៅ​ ហើយ​ទៅ​រក​កូន​ស្រី​ទៅ​លោក​អើយ!​»

ចំពោះ​ការ​យល់​ឃើញ​របស់​ James នេះ​ មនុស្ស​ជា​ច្រើន​វិភាគ​បាន​ថា​ James គឺជា​បុរស​ម្នាក់​ដែល​ស្រលាញ់គ្រួសារ​ ហើយ​លោក​ក៏​មាន​កូន​ស្រី​ដូច​គ្នា​ ដូច្នោះ​ហើយ​មិន​ចម្លែក​នោះ​ទេ​ដែល​ Super Star បាល់បោះ​រូប​នេះ​មាន​គំនិត​យល់​ឃើញ​ដូច​ការ​រៀបរាប់​ខាង​លើ​នេះ​។

«Squid Game» គឺជារឿង​ភាគ​​ដែល​មាន​ចំនួន​ទស្សនា​ច្រើន​បំផុត​លើ​ Netflix ហើយ​រឿង​នេះ​ក៏​ជា​រឿង​មួយ​របស់​ Netflix ដែល​ត្រូវ​តែ​ទស្សនា​ក្នុងចំណោម​៩៤​ប្រទេស​ផង​ដែរ៕

Telegram-Troryorng
Share.