ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡា​ លោក​  ភិភ័ត​ រ៉ាត់ឆៈកិច្ចប្រាក់​កាន បាន​ប្រកាស​ថា​ត្រៀម​កញ្ចប់​ថវិការ​១០០​ លាន​បាទ​ជួល​តារា​ចម្រៀង​ K-Pop សញ្ជាតិ​ថៃ Lisa ​និង​លោក​ Andrea សិល្បករ​តន្ត្រី​អូប៉េរ៉ា​ដ៏​ល្បីល្បាញ​មក​ច្រៀង​ Countdown ដាច់​ឆ្នាំ​ស្វាគមន៍​ឆ្នាំ​សកល​នា​ខេត្ត​ ភូកេត ហើយ​មាន​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ​បាន​ផ្សាយ​ដំណឹង​នេះ​យ៉ាង​គគ្រឹក​គគ្រេង​ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ផលិតកម្ម​ YG Entertainment ដែល​ជា​ផលិតកម្ម​គ្របគ្រង​លើ​ Lisa បាន​ចេញ​មក​ថ្លែង​បដិសេធ​ចំពោះ​ដំណឹង​នេះ​។

សូម​ចុច​អាន​ ថៃ​ចាយ១០០​លាន​ទាញLisaមក​ច្រៀង​Concert ផ្សព្វផ្សាយ​ពិភពលោក​បើក​ប្រទេស​ឡើង​​វិញ​

ផែនការ​ជួល​តារា​ចម្រៀង​ល្បី​លំដាប់​ពិភពលោក​ កញ្ញា Lisa Lalisa Manoban និង លោក​ ​Andrea Bocelli មាន​ទាំង​អ្នក​ដែល​យល់​ស្រប​និង​មិន​យល់​ស្រប​ ដោយ​យល់​ឃើញ​ថា​ប្រើប្រាស់​កញ្ចប់ថវិការ​មិន​ត្រឹម​ត្រូវ​ ខណៈ​មតិ​ខ្លះ​ទៀត​គិត​ថា​គួរ​តែ​ជួយ​ដល់​តារា​ចម្រៀង​ថៃ​ដែល​កំពុង​តែ​ក្ដៅក្រហាយ​និង​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​បិទ​កន្លែង​កម្សាន្ត​ និង​ក្លិប​កម្សាន្ត​ជា​ដើម​។​

ងាក​មក​ផលិតកម្ម​ YG Entertainment កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ម្សិលមិញ​នេះ​ បាន​ចេញ​មក​ប្រកាស​ថា​ «ដោយសារ​តែ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ Lisa ដែល​ជា​សិល្បករ​ក្នុង​ផលិតកម្ម​ខ្លួន​ នឹង​មក​ចូលរួម​ច្រៀង​ឆ្លង​ឆ្នាំ​សកល​នៅ​ប្រទេស​ថៃ​ ខាង​ផលិតកម្ម​ YG សូម​ជំរាប​ជូន​ដំណឹង​ថា​ ផលិត​មាន​សេចក្ដី​សោមនស្ស​និង​អរគុណ​យ៉ាង​ក្រៃ​លែង​ដែល​ទទួល​បាន​កិត្តិយស​ខ្ពង់ខ្ពស់​ បាន​ទទួល​ការ​ទាក់ទង​អញ្ជើញ​តារា​ក្នុង​ផលិតកម្ម​ខ្លួន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ ប៉ុន្តែ​ផលិតកម្ម​សូម​ជំរាបជូន​ថា​ Lisa មិន​អាច​ទៅ​ចូលរួម​បាន​នោះ​ទេ​ ដោយ​សារ​តែ​មាន​ការ​ច្រើន​បាន​កំណត់​ទុក​រួច​ទៅហើយ​ ផលិតកម្ម​ជំរាប​ជូន​នេះ​ដើម្បី​ឱ្យ​គ្រប់​គ្នា​បាន​យល់​និង​​ជ្រាប​ពី​ដំណឹង​នេះ​។ សូម​អរគុណ​ដែល​បាន​តាមដាន​តារា​របស់​យើង​ជា​រៀង​រហូត​មក​»៕

Telegram-Troryorng
Share.