យោងតាមការប្រកាសផ្សព្វផ្សាយព័ត៌មានពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ បានឱ្យដឹងថាភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍នេះចំនួន ៣រឿង បានលក់កម្មសិទ្ធិបញ្ញានៅលើទីផ្សារបរទេសជាស្ថាពរហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងក៏ស្ថិតក្នុងបញ្ជីឈ្មោះប្រទេសដែលបានទិញរឿងភាគថៃនេះយកមកបញ្ចាំងផងដែរ។

រឿងទីមួយដែល CH3 លក់ចេញទៅក្រៅប្រទេសនោះគឺរឿង «สองเสน่หา» ឬ «ស្នេហា២» ជាការវិលត្រលប់មកជួបគ្នាម្ដងទៀតរវាង James Ma និង Kimberly។ រឿងភាគកូនភ្លោះនេះលក់ចេញទៅកាន់ប្រទេសសរុបចំនួន ៩ មានប្រទេសចិនតាមរយៈ Platform Tencent Video បញ្ចូលសំឡេងជាភាសាចិន ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីតាមរយៈ Platform VIU ដោយប្រទេស៣នេះនឹងចាក់បញ្ចាំងថ្ងៃតែមួយនឹងថ្ងៃចាក់បញ្ចាំងនៅក្នុងប្រទេសថៃ គ្រាន់តែចេញផ្សាយក្រោយ២ម៉ោងប៉ុណ្ណោះ។ ចំណែក ៦ប្រទេសទៀតដែលទិញលក្ខណៈបញ្ចាំងចប់រួចរាល់គឺប្រទេស ឥណ្ដូណេស៊ី ប្រទេសម៉ិចស៊ិចកូ ប្រទេសប្រេស៊ីល ចិនតៃវ៉ាន់ ប្រទេសភូមា និង ប្រទេសកម្ពុជាបញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN។
សូមចុចត្រង់នេះ៖ រឿងថ្មី Kimberly ហ៊ានលេងឈុតស្នេហា…មិនខ្លាចសង្សារអន់ចិត្ត!

ចំណែករឿងទីពីរដែលនឹងមានវត្តមានចាក់ផ្សាយនៅប្រទេសកម្ពុជាដែរនោះគឺរឿង «พราวมุก» ឬ «Praw Mok» ដែលជារឿងវិលត្រលប់មកជួបគ្នាវិញរវាងដៃគូស័ក្តិសម Pon Nawasch និង Bua Nalinthip ។ រឿងនេះបានលក់ទៅកាន់ប្រទេសចំនួន ៥ មានដូចជាប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាបញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN ដដែល។

រឿងចុងក្រោយ «มนต์รักหนองผักกะแยง» ឬ «Mon Rak Nong Pak Ka Yaeng» ក៏ត្រូវបានស្ថានីយទូរទស្សន៍ PNN របស់កម្ពុជា ទិញយកមកចាក់បញ្ចាំងដូចជាបណ្ដាប្រទេសមួយចំនួនដែលទិញមកបញ្ចាំងដែរ។ រឿងភាគថ្មីនេះគឺជារឿងដំបូងដែល Bow Maylada បង្ហាញវត្តមានជាតួឯកស្រីដំបូងនៅ CH3 ជាមួយនឹង Nadech Kugimiya តួឯកប្រុសជួរមុខរបស់ស្ថានីយមួយនេះ ធ្វើឱ្យរឿងនេះល្បីដោយគ្រាន់តែឮឈ្មោះតួសម្ដែងមិនបាច់និយាយដល់សាច់រឿង។ ប្រទេសដែលបានទិញយកទៅបញ្ចាំងក្រៅពីប្រទេសកម្ពុជាយើងមានប្រទេសក្នុងតំបន់អាស៊ានដូចជា៖ ហ្វីលីពីន សិង្ហបុរី វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី សរុបមានចំនួន ៦ប្រទេស។
