
ពានរង្វាន់បាល់ទាត់ធំជាងគេនៅទ្វីបអឺរ៉ុប UEFA Champions League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានរកឃើញក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយសម្រាប់រដូវកាលឆ្នាំ២០២០-២០២១ នេះដោយក្រុមទាំង២សុទ្ធតែធ្វើដំណើរទៅពីប្រទេសអង់គ្លេសដូចគ្នា មាន Manchester City និង Chelsea។
មុនមកដល់វគ្គនេះក្រុមបាល់ទាត់ Man City បានយកឈ្នះលើក្រុមParis Saint-Germain របស់បារាំង ដោយលទ្ធផល ទាំង២ជើង៤ទល់១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុម Chelsea បានយកឈ្នះលើក្រុម Real Madrid របស់អេស្ប៉ាញ ដោយលទ្ធផលទាំង២ជើង ៣ទល់១។

គិតពីឆ្នាំ១៩៥៥ មកពេលនេះគឺ៦៦ឆ្នាំទៅហើយ ដែលពានរង្វាន់ UEFA Champions League បង្កើតឡើង ដោយប្រកួតនៅរៀងរាល់ឆ្នាំដើម្បីជ្រើសរើសក្រុមខ្លាំងៗក្នុងលីគជាតិ តាមប្រទេសនីមួយៗប្រកួតប្រជែង។ នេះជាលើកទី៣ ហើយតាំងពីពានរង្វាន់នេះបង្កើតឡើង ដែលក្រុមបាល់ទាត់របស់ប្រទេសអង់គ្លេសជួបគ្នាវគ្គផ្ដាច់ព្រ័ត្រខណៈ២លើកកន្លងមក៖
លើកទី១) នៅរដូវកាល២០០៧-០៨ ក្រុម Manchester United បានឈ្នះក្រុម Chelsea ដោយទាត់បាល់ប៉េណាំងទីកាត់សេចក្តី ៦ទល់៥ ក្រោយប្រកួតពេញម៉ោង៩០នាទីស្មើគ្នា១ទល់១ លើទីលានកីឡដ្ឋាន Luzhniki Stadium ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ៦៧,៣១០ នាក់ចូលទស្សនាផ្ទាល់។
លើកទី២) នៅរដូវកាលឆ្នាំ២០១៨-១៩ ក្រុម Liverpool បានយកឈ្នះលើក្រុម Tottenham Hotspurដោយលទ្ធផល២ទល់០ លើទីលានកីឡដ្ឋាន Metropolitano Stadium ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ៦៣,២៧២ នាក់ចូលទស្សនាផ្ទាល់។
អត្ថបទពាក់ព័ន្ធ៖លេចចេញពានរង្វាន់ European Super League ធ្វើឱ្យបាល់ទាត់នៅអឺរ៉ុបវឹកវរ?
គិតត្រឹមពេលនេះដែរក្រុមបាល់ទាត់ Real Madrid របស់អេស្ប៉ាញ ឈ្នះជើងឯកបានច្រើនជាងគេ ចំនួន១៣លើក ស្របពេលក្រុមរបស់អង់គ្លេស មាន Liverpool ឈ្នះជើងឯកបាន៦លើក ក្រុម Manchester United ឈ្នះបាន៣លើក ក្រុមNottingham Forest ឈ្នះបាន២លើក និងក្រុម Chelsea និង Aston Villa ឈ្នះបានម្នាក់១លើក។

ចំណែកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំនេះវិញ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានចាប់ឆ្នោតជ្រើសរើសរៀបចំឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium ក្នុងទីក្រុង Istanbul ប្រទេសទួរគី។ តាមការគ្រោងទុកក្រុម Manchester City ត្រូវជួបក្រុម Chelsea នៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។
សូមបញ្ជាក់ថា ក្រុមដែលទទួលជើងឯក នឹងបានពានរង្វាន់១ មេដាយមាសចំនួន៤០និងប្រាក់រង្វាន់១៩លានផោន។ ទទួលសិទ្ធិតំណាងទ្វីបអឺរ៉ុប ចូលរួមប្រកួតក្នុងពានពិភពលោក 2021 FIFA Club World Cup នៅប្រទេសជប៉ុន ក្នុងខែធ្នូ ចុងឆ្នាំ។ ទទួលសិទ្ធប្រកួតក្នុងពាន 2021 UEFA Super Cupជាមួយក្រុមជើងឯកមកពីពាន 2020–21 UEFA Europa League នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លើទីលានកីឡដ្ឋានWindsor Parkក្នុងទីក្រុង Belfastប្រទេសអៀរឡង់ខាងជើង៕
