តាមរយៈ​វីដេអូ Teaser MV «វិ​រៈ​នារី» របស់​កញ្ញា ទេព បូ​ព្រឹក្ស គេ​កត់សម្គាល់​ឃើញថា មកុដ ដែល​បាន​ប្រើប្រាស់​នៅក្នុង​ការថត MV នោះ មាន​ឯក​លក្ខណៈ​ខុសប្លែក​ពី​មកុដ​ដទៃ​ខ្លាំង។ ជាទូទៅ​គេ​ធ្លាប់តែ​ឃើញ​មកុដ​បុរាណ​ខ្មែរ​ដូចជា​មកុដ​នាង កន្ទុយ​ហង្ស ស្រោមដាវ កំពូល​បី ទសមុខ និង​មកុដ​កំពូល​អង្គរ ជាដើម។ ដោយឡែក​ម៉ូដ​មកុដ «ហនុមាន»នេះ ហាក់ដូច​មិន​ធ្លាប់​ឃើញ​ក្នុងការ​សម្ដែង​ណាមួយ​ពីមុនមក​ទេ តើ​មកុដ​នេះ​មាន​ប្រភព​មកពីណា?

តាម​ការស្វែងរក​ប្រភព​របស់​អ្នកសារព័ត៌មាន​ត្រយង បាន​រកឃើញថា មកុដ «ហនុមាន» នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ស្នាដៃ​របស់​យុវជន​ខ្មែរ​មួយរូប​មានឈ្មោះ ថុ​ន ភារ​ម្យ ដែល​លោក​ជា​អ្នក​ប្រកប​អាជីព​ធ្វើ​ខ្មុក​ស្មាច់ សាជី និង​តោក។ យុវជន​រូបនេះ ជា​សិស្ស​មាន​មូលដ្ឋានគ្រឹះ​ចេញពី​សា​លា​មធ្យម​វិចិត្រសិល្បៈ​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ខ្មុក​ស្មាច់។ ខ្មុក​ស្មាច់ សាជី និង​តោក ដែល​លោក​បាន​ផលិត គឺ​ត្រូវ​ចំណាយពេល​សិក្សា​យូរ​ឆ្នាំ​ទៅលើ​មូលដ្ឋាន​នៃ​ក្បាច់បុរាណ​ខ្មែរ​បាន​ត្រឹមត្រូវ​ច្បាស់លាស់។ ថ្មីៗនេះ លោក​បាន​បញ្ចេញស្នាដៃ​ថ្មី​មួយ ក្នុងការ​ដំឡើង​មកុដ «ហនុមាន»។

លោក ថុ​ន ភារ​ម្យ បាន​អះអាង​ប្រាប់ថា លោក​បានទទួល​គំនិត​ពី​អ្នក​ថតរូប​ម្នាក់​នៅក្នុង​ស្ទូ​ឌី​យោ ស្នើ​មកឱ្យ​លោក​ធ្វើ​មកុដ​បែប​ល្ខោនខោល​ខ្មែរ ដែល​ចេញ​ពីមុខ​ខ្មុក​ហនុមាន។ គំនិត​ដ៏​ល្អ​នេះ លោក​គិតថា មកុដ «ហនុមាន» គឺ​ធ្លាប់ធ្វើ​តែ​នៅលើ​ខ្មុក​មុខ​ហនុមាន សម្រាប់​អ្នក​សិល្បករ​ល្ខោនខោល​លើក​មក​ពាក់​ក្នុងការ​សម្ដែង​ជា​របាំងមុខ គិត​ដូច្នេះ​លោក​ក៏បាន​បំបែក​គំនិត​នេះ ក្នុងការ​បង្កើត​ចេញ​តែ​ទម្រង់​មកុដ​របស់​ហនុមាន​តែ​ប៉ុណ្ណោះ មិនមែនជា​រូបរាង​មុខ​ខ្មុក​ឡើយ។

លោក ថុ​ន ភារ​ម្យ បាន​បន្ដថា លោក​បាន​ចំណាយពេល ៥ថ្ងៃ ក្នុងការ​ដំឡើង​មកុដ​ហនុមាន​នេះ​ឡើង។ មកុដ​ច្នៃ​ថ្មី​នេះ ធ្វើឱ្យ​លោក​មាន​មោទនភាព​មួយ ក្នុងការ​លើកស្ទួយ​អំពី​វប្បធម៌​ខ្មែរ ក្បាច់បុរាណ​ខ្មែរ ហើយ​លោក​ក៏​លើកទឹកចិត្ត​ឱ្យ​អ្នក​ប្រកប​អាជីព​នេះ ប្រកាន់ខ្ជាប់​នូវ​ការប្រកួតប្រជែង​ស្នាដៃ ជាជាង​គិតតែ​ពី​តម្លៃ។

គួរ​រំលឹក​បន្ថែមថា ចំពោះ​ការដាក់​សម្ពោធ​វីដេអូ MV បទ​ចម្រៀង «វិ​រៈ​នារី» របស់​កញ្ញា ទេព បូ​ព្រឹក្ស គឺ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៧ ខែ វិ​ច្ឆ​កា ឆ្នាំ២០២១នេះ ក្នុង​រោងភាពយន្ដ Major Cineplex វេលា​ម៉ោង ៥រសៀល៕

Share.