តារាចម្រៀង ចេន សាយចៃ បានខកខានមកបង្ហើរសំនៀងបំពេអារម្មណ៍អ្នកគាំទ្រកម្ពុជាមួយឆ្នាំជាងហើយចាប់តាំងពីមានការបិទព្រំដែនច្រកចេញចូលរវាងប្រទេសកម្ពុជានិងប្រទេសថៃដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាមិញតារាចម្រៀងរូបនេះក្រៅពីត្អូញនឹករលឹកដល់អ្នកគាំទ្រកម្ពុជាហើយនោះ ក៏បានបង្ហើបឱ្យដឹងដែរថា ពេលនេះមានការលំបាកខ្លាំង ព្រោះតែអាជីពសិល្បៈត្រូវបានផ្អាកស្ទើរទាំងស្រុង។

ម្ចាស់បទចម្រៀង «នាងលក់ក្របីចោល» រូបនេះបានឱ្យដឹងតាមរយៈសារជាសំឡេងថានៅពេលនេះនៅប្រទេសថៃមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រលកទីបី ដែលការឆ្លងរីករាលដាលម្ដងនេះមានទំហំធំនិងធ្ងន់ធ្ងរខ្លាំងជាងមុនព្រោះមានអ្នកឆ្លងច្រើនសូម្បីតែនៅទឹកដីសុរិនក៏មានអ្នកឆ្លងជិតចូលខ្ទង់រយនាក់ដែរ។
«អាឡូអូន! បងសុខសប្បាយ ប៉ុន្តែខាងសុរិនប្រទេសថៃមានការផ្ទុះកូវីដ គេហៅថាលើកទីបី លើកទីបីនេះខ្លាំងជាងលើកទីមួយលើកទីពីរទៀត ប៉ះពាល់ទូទាំងប្រទេស ប៉ះពាល់ទាំងអស់ សុរិនក៏មានអ្នកឆ្លងដែរឥឡូវនេះ លើកទីមួយទីពីរឆ្លងត្រឹមបីបួននាក់ តែលើកទីបីនេះជិតរាប់សិបនាក់ តែអាចនៅគ្រប់គ្រងបាន »។

ងាកមកអាជីពសិល្បៈវិញតារាចម្រៀងរូបនេះ ក៏បានឱ្យដឹងដែរថា ជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់អាជីពអ្នកចម្រៀង អ្នកសិល្បៈ ព្រោះជាអាជីពដំបូងដែលមានការបិទផ្អាកមុនគេ ដើម្បីទប់ស្កាត់ការជួបជុំជាទ្រង់ទ្រាយធំណាមួយដែលអាចមានហានិភ័យឆ្លងខ្ពស់៖
«បើនិយាយពីអាជីពគឺប៉ះពាល់ខ្លាំងអូន ព្រោះអាជីពអ្នកចម្រៀង អ្នកសិល្បៈ គឺអាជីពដំបូងមានការបិទអត់ឱ្យច្រៀង អត់ឱ្យមានការប្រគំតន្ត្រី និយាយរួមទៅកន្លែងណាដែលមានមនុស្សច្រើនៗ មានការជួបជុំគ្នាគឺ មានការបិទទាំងអស់ តាមក្លិប បារ ភោជនីយដ្ឋាន ខនសឺត បិទទាំងអស់ ដូច្នេះពួកបងមានការលំបាកមែនទែនមួយឆ្នាំហើយដោយសារតែកូវីដធ្វើឱ្យអត់មានការងារ»។

ជាចុងក្រោយផងដែរនោះតារាចម្រៀងសំឡេងមានទឹកដមស្នេហ៍រូបនេះ ក៏បានផ្ញើសារជាសំឡេងបង្ហាញពីក្ដីនឹករលឹក ក៏ដូចជាផ្ដាំផ្ញើឱ្យបងប្អូនកម្ពុជា ថែទាំសុខភាពរក្សាអនាម័យ និង លាងដៃឱ្យបានញឹកញាប់ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវនេះ។

«សូមជំរាបសួរម៉ែឪបងប្អូនទាំងអស់គ្នាចាស! ខ្ញុំ ចេន សាយចៃ អ្នកចម្រៀងពីខាងខេត្តសុរិន នាងខ្ញុំផ្ញើសារសំឡេងមកដល់ម៉ែឪបងប្អូនខ្មែរទាំងអស់គ្នា បងប្អូនដែលនៅក្នុងប្រទេសនិងបងប្អូនដែលនៅក្រៅប្រទេស។ ជំងឺកូវីដ-១៩ ធ្វើឱ្យនាងខ្ញុំ ចេន សាយចៃ ឃ្លាតឆ្ងាយពីបងប្អូនខ្មែរ មួយឆ្នាំជាងហើយតាំងពីខែ៣ឆ្នាំ២០២០មកនាងខ្ញុំនៅខាងសុរិនរហូត អត់បានមកជួបជុំបងប្អូនដោយសារតែមានការបិទព្រំដែនទាំងសងខាង។ នាងខ្ញុំសូមផ្ញើក្ដីនឹករលឹកនិងក្ដីស្រលាញ់មកដល់បងប្អូនទាំងអស់គ្នា សង្ឃឹមថាពេលកូវីដ-១៩ បាត់បង់ឃ្លាតឆ្ងាយនឹងមានឱកាសបានវិលមកជួបជុំបងប្អូនទៀត។ ជាពិសេសនាងខ្ញុំសូមផ្ដាំឱ្យបងប្អូនថែរក្សាសុខភាពនិងអនាម័យ ពេលទៅណា ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ បាញ់អាកុលដើម្បីការពារពីកូវីដ-១៩។ សូមឱ្យបងប្អូនមានសុខភាពល្អនឹងបានវិលជួបគ្នាឆាប់ៗ អរគុណច្រើន»។