បុរសម្នាក់ដែលជាម្ចាស់សាច់រឿងពិតភាពយន្តល្បី «Miracle In Cell No.7» ឬ បកប្រែមិនផ្លូវការ «អព្ភូតហេតុគុកលេខ៧» បានប្រាប់ពីវិធីសាស្ត្រធ្វើទណ្ឌកម្មដ៏អាក្រក់រហូតធ្វើឱ្យលោកសុខចិត្តទទួលទោសនិងជាប់ពន្ធនាគារទាំងមិនបានប្រព្រឹត្តខុស។

នៅក្នុងកម្មវិធីមួយដែលទើបតែចាក់បញ្ចាំងថ្មីៗនេះនៅទូរទស្សន៍ SBS «The Story of the Day» បានបរិយាយពីរឿងរ៉ាវដ៏សែនរន្ធត់និងក្ដុកក្ដួលចិត្តបំផុតមួយរបស់បុរសម្នាក់ដែលជាម្ចាស់សាច់រឿងពិតភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង «Miracle In Cell No. 7»។

លោក Jeong Won Seop ដែលកាលនោះមានអាយុ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួននិងជាប់ឃុំក្នុងគុករហូត១៥ឆ្នាំ ចំពោះបទចោទប្រកាន់មនុស្សឃាតទាំងដែលលោកមិនបានប្រព្រឹត្ត។ លោកត្រូវបានគេចោទប្រកាន់ខុសពីបទចាប់រំលោភនិងសម្លាប់ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់កាលពីឆ្នាំ ១៩៧២។ ព្រោះតែលោកមិនព្រមសារភាពលោកបានទទួលរងទណ្ឌកម្មដ៏សាហាវយង់ឃ្នង ដើម្បីឱ្យលោកឆ្លើយសារភាពទទួលកំហុសដោយសារតែគ្រួសារជនរងគ្រោះមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។
សូមចុចត្រង់នេះ៖ «For Those who wish me dead» ភាពយន្តខ្នាតធំបែបភ័យរន្ធត់រំជួលព្រលឹងស្នាដៃថ្មីរបស់ Angelina Jolie
ក្មេងស្រីអាយុ៩ឆ្នាំដែលជាជនរងគ្រោះនោះគឺជាកូនស្រីរបស់មន្ត្រីនគរបាលដែលមានឋានន្តរស័ក្តិធំ ដូច្នេះសម្ពាធដែលត្រូវតែចាប់ជនល្មើសឱ្យបានបានក្លាយជាអាទិភាពដែលនាយកដ្ឋាននគរបាលត្រូវតែសម្រេចឱ្យបានមុនគេ។

នៅក្នុងកម្មវិធីនោះបានប្រាប់ឱ្យដឹងវិធីសាស្ត្រដែលធ្វើទណ្ឌកម្មដែលប្រើប្រាស់លើលោក Jeong Won Seop រហូតបុរសរូបនេះសុខចិត្តទទួលទោសទាំងដែលខ្លួនជាមនុស្សស្អាតស្អំ។ លោកត្រូវបានគេធ្វើទណ្ឌកម្មដោយចាប់ជ្រមុជទឹកដែលជាវិធីមួយប្រើប្រាស់ដោយមន្ត្រីនគរបាល។ កម្មវិធីក៏បានពន្យល់យ៉ាងលម្អិតទៀតថាវិធីសាស្ត្រសួរចម្លើយចាប់ជ្រមុជទឹកនេះគឺ យកក្រណាត់មករុំមុខរួចហើយចាប់ក្បាលដែលរុំដោយក្រណាត់នោះចូលទៅក្នុងទឹក ដោយចងព្យួរជើងឡើងលើក្បាលចុះក្រោម។ កម្មវិធីក៏បានឱ្យដឹងបន្ថែមទៀតដែរថាទឹកដែលប្រើប្រាស់ជ្រមុជនោះមិនមែនជាទឹកធម្មតានោះទេ តែជាទឹកត្រាំដោយម្ទេសបុក ដែលធ្វើឱ្យអ្នកទទួលទណ្ឌកម្មនេះកាន់តែវេទនានិងក្ដៅក្រហល់ក្រហាយ។
ក្រោយមិនអាចទ្រាំនឹងទណ្ឌកម្មដែលមិនដឹងថានឹងចប់នៅពេលណាទីបំផុត Jeong Won Seop សុខចិត្តសារភាពទោសកំហុសហើយចាប់ផ្ដើមទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។ ក្រោយជាប់គុក ១៥ឆ្នាំ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយ៣៦ឆ្នាំ ក្រោយទើបត្រូវបានរួចខ្លួនពីបទចោទប្រកាន់នេះទាំងស្រុង។
«Miracle In Cell No.7» គឺជាភាពយន្តខ្នាតធំកូរ៉េដ៏ល្បីល្បាញកាលពីឆ្នាំ ២០១៣ រឿងនេះត្រូវបាន ប្រទេសហ្វីលីពីន និង ប្រទេសតួគីទិញសិទ្ធិបញ្ញា ទៅថតតាមលំនាំសាច់រឿងដើមទៀតផង៕