ប្រទេសថៃធ្លាប់តែទិញសិទ្ធិបញ្ញាថតរឿងតាមលំនាំប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន ប៉ុន្តែលើកនេះប្លែកព្រោះថៃបានទិញសិទ្ធិផលិតរឿងតាមលំនាំរឿងដើមប្រទេសតួគី ដែលមានចំណងជើងជាភាសាអង់គ្លេសថា «Eternal or Until Death» ឬ «រហូតដល់ស្លាប់» មកផលិតជារឿងភាគបញ្ចាំងលើទូរទស្សន៍ CH3 ដោយប្រើចំណងជើងថ្មីថា «បាបអយុត្តិធម៌»។ តើរឿងនេះមានអ្វីពិសេសទើបធ្វើឱ្យថៃចាប់អារម្មណ៍ទិញសិទ្ធិពីប្រទេសតួគីមកផលិតជារឿងភាគបញ្ចាំងនៅប្រទេសខ្លួន?


រឿងបាបអយុត្តិធម៌និយាយពីតួឯកប្រុសជានិស្សិតពេទ្យដែលរងរឿងអយុត្តិធម៌ហើយត្រូវជាប់ពន្ធនាគារអស់មួយជីវិតព្រោះរឿងក្ដីមនុស្សឃាតតែនៅឆ្នាំទី១១ គេបានទទួលជំនួយពីមេធាវីថ្មីថ្មោង ដែលចូលមកជួយតវ៉ាក្ដីធ្វើឱ្យគេរួចផុតពីពន្ធនាគារ។ ប៉ុន្តែរឿងរ៉ាវមិនចប់ត្រឹមនេះនោះទេ តួអង្គមេធាវីគឺជាតួឯកស្រី ប៉ុន្តែដំបូងឡើយតួស្រីព្យាយាមជួយតួឯកប្រុសដោយសារតែមានអារម្មណ៍ខុសឆ្គង ព្រោះកាលពីក្មេងតួឯកស្រីធ្លាប់ធ្វើជាសាក្សីក្លែងក្លាយចូលទៅឆ្លើយនៅមុខតុលាការចោទប្រកាន់តួប្រុសត្រូវជាប់ឃុំក្នុងពន្ធនាគារ។
សូមចុចត្រង់នេះ៖ កែវ ឡាវីញ និង យ៉ា សុផាន់ម៉ៃ ផ្ទុះការគាំទ្រខ្លាំងសម្ដែងតួស្រលាញ់ភេទដូចគ្នាក្នុងស្នាដៃថ្មី «សង្សារខ្ញុំ»!

ក្រោយចេញពីពន្ធនាគារតួប្រុសព្យាយាមស៊ើបរកការពិតជាច្រើនដែលជាប់ពាក់ព័ន្ធនឹងរឿងក្ដីរបស់ខ្លួនដោយមានតួឯកស្រីតាមជួយរហូតធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ល្អនឹងគ្នាហើយក្លាយជាស្នេហា ប៉ុន្តែជាកម្មអកុសលនៅពេលតួប្រុសបានដឹងការពិតពីសមាសភាពថាតួឯកស្រីជាអ្នកណា? ជាពិសេសបានដឹងថាឪពុករបស់ខ្លួនត្រូវបងប្រុសរបស់តួស្រីជាអ្នកសម្លាប់។ តើស្នេហារវាងតួឯកប្រុសអាចជួបជុំគ្នាដោយមានសេចក្ដីសុខដែរទេ?

អាចដោយសារតែឆ្អឹងរឿងប្លែកថ្មី គ្រាន់តែចេញមកភ្លាមតួប្រុសបានក្លាយជាឃាតករនឹងជាប់ពន្ធនាគារ ចំណែកតួស្រីគឺជាមេធាវីព្យាយាមជួយទោះប្រុសព្រោះមានអារម្មណ៍ខុសឆ្គងតែមានរឿងហេតុជាច្រើនធ្វើឱ្យអ្នកទាំងពីរបន្តចាប់ដៃគ្នាឆ្លងកាត់ឧបសគ្គរហូតក្លាយជាស្នេហាមួយកណ្ដាលសមុទ្រភ្លើងដ៏ក្ដៅគគុកដែលពិបាកនឹងដឹងថាតើទីបញ្ចប់រឿងរ៉ាវនឹងទៅជាយ៉ាងណា?

រឿង «បាបអយុត្តិធម៌» គឺជាភាពយន្តមនោសញ្ចេតនាបែបសោកនាដកម្មសម្ដែងដោយ Boy Pakorn តារាសម្ដែងជួរមុខថៃ ចាប់ដៃគូសម្ដែងដំបូងជាមួយ Gina តួឯកស្រីវ័យក្មេង រួមដោយតារាល្បីៗជាច្រើនរូបទៀត អ្នកដែលមានបំណងចង់ដឹងសាច់រឿងនេះអាចចូលទៅទស្សនាលើ Channel YouTube CH3 ដោយវាយអក្សរថា «บาปอยุติธรรม»។

នេះអាចជាការបើកចំហជើងមេឃថ្មីទៀតសម្រាប់សិល្បៈភាពយន្តថៃដែលបានទិញសិទ្ធិបញ្ញាពីប្រទេសតួគីមកផលិតជាភាពយន្តភាគបញ្ចាំងលើកញ្ចក់ទូរទស្សន៍ ក្រោយពីធ្លាប់បានទិញសិទ្ធិពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុននិងតៃវ៉ាន់រួចមកហើយនោះ៕