
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានពិភាក្សាគ្នាជាមួយរដ្ឋាភិបាលប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន BioNTech SE ទទួលអំណោយជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុនទាំង២ ដើម្បីចាក់ជូនអត្តពលិកទូទាំងពិភពលោកដែលមានឈ្មោះទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡា Tokyo 2020 Olympic និងParalympic Games នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សារព័ត៌មានGlobenewswire បានលើកឡើងថាពិធីចុះ MoU ជាមួយគ្នានេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈក្រុមហ៊ុនទាំង២នឹងធ្វើការផ្ទាល់ជាមួយគណៈកម្មាធិការអូឡាំពិកតាមបណ្តាប្រទេសនីមួយៗជាសមាជិក IOC ដើម្បីបញ្ជាក់បន្ថែមពីការផ្ដល់ជូនដល់អត្តពលិករូបណាខ្លះ។ប៉ុន្តែនៅមិនទាន់ច្បាស់លាស់នៅឡើយដោយភាគីក្រុមហ៊ុនរង់ចាំការផ្ដល់ទិន្នន័យនិងផែនការសម្រាប់ការផ្ដល់វ៉ាក់សាំងនេះ។
អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិនបញ្ជូនអត្តពលិកទៅប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុនទេ
សូមបញ្ជាក់ថាក្រុមហ៊ុន BioNTech SE មានទីស្នាក់ការកណ្ដាលនៅទីក្រុង Mainz ប្រទេសអាល្លឺម៉ង់ ខណៈក្រុមហ៊ុននេះបង្កើតឡើងដំបូងកាលពីឆ្នាំ២០០៨។ ចំណែកក្រុមហ៊ុន Pfizer Inc វិញមានទីស្នាក់ការកណ្ដាលនៅទីក្រុង New York សហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះបង្កើតឡើងតាំងពីឆ្នាំ១៨៤៩មកម៉្លេះ។
តាមផែនការ អត្តពលិកនិងប្រតិភូ នៃប្រទេសនីមួយៗពេលធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីប្រកួតTokyo 2020 Olympic និងParalympic Games ធ្វើតេស្តស្វែងរកកូវីដ-១៩ ជារៀងរាល់ថ្ងៃ និងលទ្ធផលធ្វើតេស្តរយៈពេល៩៦ម៉ោង មុនចេញដំណើរទៅប្រកួតខ្លួនផងដែរ។ គ្រប់គ្នាមិនអនុញ្ញាតឱ្យចួលកម្សាន្តនៅបា ឬ ភោជនីយដ្ឋានណាមួយនោះទេ។ អត្តពលិកត្រូវធ្វើដំណើរទៅដល់មុនការប្រកួតចាប់ផ្ដើមចំនួន៥ថ្ងៃ ហើយត្រូវចាកចេញទៅប្រទេសកំណើតវិញ ក្នុងរយៈពេល២ថ្ងៃក្រោយប្រកួតចប់ ព្រោះថាកន្លែងស្នាក់នៅមានចំនួនកំណត់និងរៀបចំតាមកាលវិភាគច្បាស់លាស់។
ព័ត៌មានផ្សេងៗពីកីឡាអូឡាំពិក សូមចុចអាននៅទីនេះ…
បើតាមការគ្រោងទុកការប្រកួតTokyo 2020 Olympic នឹងរៀបចំឡើងពីថ្ងៃ២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មុនពេលព្រឹត្តិការណ៍កីឡា Paralympic Games រៀបចំពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕
