
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២០-២០២១ មាន Chelsea និង Manchester City នៅថ្ងៃព្រសហ្បត្តិ៍ សប្ដាហ៍នេះបានស្នើសុំប្តូរទីលានប្រកួតពីទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី ទៅធ្វើនៅកីឡដ្ឋាន Wembley Stadium ដែលជាកីឡដ្ឋានជាតិរបស់ប្រទេសអង់គ្លេស វិញ។
ការស្នើសុំបែបនេះក៏ព្រោះតែប្រទេសទួរគី ស្ថិតក្នុងសភាពបិទខ្ទប់ (Lockdown) នៅឡើយ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទៅពីប្រទេសអង់គ្លេសទាំង២នេះ គ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខនៅកីឡដ្ឋាន Atatürk Olympic Stadium ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ដែលជាការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។
យ៉ាងណាក្តីភាគី UEFA ហាក់មិនទាន់ឆ្លើយតបថាយ៉ាងណានោះទេ តែក្លិបទាំង២គ្រោងស្នើសុំទៅកាន់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ឱ្យជួយសម្របសម្រួលពីបញ្ហានេះ ព្រមទាំងអាចឱ្យអ្នកគាំទ្រអាចចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានផងដែរ។
អត្ថបទពាក់ព័ន្ធ៖ពាន Champions League អាយុ៦៦ឆ្នាំហើយ នេះជាលើកទី៣ ដែលក្រុមអង់គ្លេសប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ
កន្លងមក UEFA ធ្លាប់រៀបចំផែនការអនុញ្ញាតិឱ្យអ្នកគាំទ្រអាចចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ចំនួន៩,០០០នាក់ ប៉ុន្តែអ្នកជំនាញសុខភាពបានចោទថាការដែលអនុញ្ញាតឱ្យអ្នកគាំទ្ររាប់ពាន់នាក់ធ្វើដំណើរទៅទួរគី គឺបង្ហាញពីភាពគ្មានទំនួលខុសត្រូវ ខណៈកាលពីសប្ដាហ៍មុន UEFA បានកែប្រែមិនអនុញ្ញាតឱ្យអ្នកគាំទ្រធ្វើដំណើរឆ្លងប្រទេសនៅទឹកដីអឺរ៉ុប នោះទេ។
លោកប្រធានាធិបតីទួរគី Recep Tayyip Erdoga សម្រេចចិត្តបិទប្រទេសពីថ្ងៃទី២៩ ខែមេសា ដល់១៧ ខែឧសភា ឆ្នាំ២០២១ គឺរយៈពេល១២ថ្ងៃមុនប្រកួតវគ្គផ្ដាច់ព្រ័ត្រមកដល់ ដោយសារការឆ្លងនៃជំងឺកូវីដ-១៩ ប្រភេទថ្មី SARS-CoV-2 កំពុងរីករាលដាលខ្លាំងនៅទឹកដីអឺរ៉ុប។
ដោយមើលឃើញពីបញ្ហានៅប្រទេសទួរគី នេះហើយទើបក្រុមបាល់ទាត់ Chelsea និង Manchester Cityស្នើសុំធ្វើការផ្លាស់ប្តូរទីកន្លែងប្រកួតតែម្តង ដើម្បីសុវត្ថិភាពនៃអ្នកគាំទ្រ៕
