ក្រោយ​កើត​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ Range Rover បើក​បរ​ដោយ​លោក​ ឃី ហុង ហៅតាប៊ុយ​ បុកគូទ​រថយន្ត​ព្រូស​បណ្ដាល​ឱ្យ​ខូចខាត​ប៉ុន្តែ​តាប៊ុយ​ចេញ​មក​ប្រកាស​មិន​អាច​ទទួល​យក​ចំពោះ​តម្លៃ​ជួសជុល​ដ៏​ច្រើន​នោះ​ ពេល​នេះ​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ដោយ​ប្ដឹង​ចោទ​ប្រកាន់​ចំនួន​ ៣បទ​ល្មើស​និង​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ (យក​ទៅ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា)។

សូមចុច​អាន ស្វាង​ស្រវឹង តា​ប៊ុ​យ ថា​ទទួលយក​មិនបាន​ចំពោះ​ថ្លៃ​សំណង​ជាង២ពាន់​ដុល្លារ ចំណែក​ជនរងគ្រោះ​បោះសម្ដី​ថា​តា​ប៊ុ​យ​មើលងាយ​ខ្លួន!

យោងតាម​ពាក្យ​បណ្ដឹង​របស់​ មេធាវី លោក​ ហ៊ុយ មាំង តំណាង​ឱ្យ​ភាគី​ជនរងគ្រោះ​ បាន​ដាក់​ចូលទៅ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ មាន​ខ្លឹម​សា​រ​ថា​ ជន​រងគ្រោះ​បាន​សម្រេច​ចិត្ត​ប្ដឹង​តាប៊ុយ​ ចំនួន​៣បទ​ល្មើស​រួម​មាន​៖
១. បើកបរ​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ២. បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ទី​៣. បទបរិហារកេរ្តិ៍។

ខ្លឹមសារ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បាន​បង្ហាញ​ពី​ដើមហេតុ​ដែល​បង្កឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ដំបូង​ឡើយ​ តាប៊ុយ​បាន​បើក​ដេញ​ពី​ក្រោយ​ដោយ​ស៊ីផ្លេ​ និង​បើក​ហ្វា​កូត​ចុះ​ឡើង​ៗ​ និង​បើក​មក​កៀក​នឹង​រថយន្ត​ជន​រងគ្រោះ​ បន្ទាប់​មក​បាន​បើក​កញ្ចក់​ ស្រែក​ជេរ​និង​គំរាម​សម្លាប់​ ដោយ​មិន​ដឹង​ពី​មូលហេតុ។​

ជនរង​គ្រោះ​ បាន​ព្យាយាម​នបើក​រថយន្ត​គេច​ចេញ​ពី​ជនល្មើស​​ ប៉ុន្តែ​មិន​អាច​គេច​បាន​ រហូត​បើក​ដល់​កន្លែង​កើត​ហេតុ​ ជន​រងគ្រោះ​បាន​សម្រេច​ចិត្ត​ឈប់​រថយន្ត​ និង​រត់​ចេញ​ពី​រថយន្ត​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ ស្រាប់​តែ​ជនល្មើស​ បាន​បើក​ឡាន​បុក​ឡាន​របស់​ខ្លួន​ពី​ក្រោយ​​ទាំង​កំរោល​។ បន្ទាប់​ពី​បុក​រួច​ជន​ល្មើស​​រូប​នោះ​បាន​បើកកញ្ចក់​ និង​បាន​ស្រែក​ជេរ​ប្រមាថ​ ព្រម​ទាំង​គំរាម​សម្លាប់​មក​លើ​ជន​រងគ្រោះ​ម្ដង​​ទៀត​។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ក៏​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា​ ជនល្មើស​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជន​ល្មើស​បាន​បើក​ឡាន​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​ជន​រងគ្រោះ​បាន​បើក​រថយន្ត​ដេញ​តាម​ពី​ក្រោយ​រហូត​ស្ទាក់ឃាត់​រថយន្ត​ជាប់​ នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី​ ក្បែរ​របង​ស្ថានីយ​រថភ្លើង​។ ពេល​ឃាត់​រថយន្ត​ជាប់​ ជនល្មើស​បាន​ចុះ​ពី​លើ​រថយន្ត​ដោយ​សភាព​ស្រវឹង​ជោគជាំ​ ដើរ​ទ្រេតទ្រោត និយាយ​ស្ដី​មិនដឹង​ខុស​ត្រូវ​ ក៏​មាន​ការ​ជជែក​វែក​ញែក​គ្នា​…។

ខ្លឹម​សារ​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​គឺ​ដកស្រង់​ចេញ​ពី​ក្នុង​បណ្ដឹង​របស់​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​ ចំពោះ​ស្ថានភាព​ពិត​ប្រាកដ​បែបណា​នោះ​ គឺ​អាស្រ័យ​លើ​ការ​ស៊ើប​អង្កេត​និង​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ និង​រង់ចាំ​ការ​ឆ្លើយ​តប​បំភ្លឺ​ពី​ភាគី​​ តាប៊ុយវិញ​​៕

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.