ប្រិយមិត្ត​អ្នក​អាន​មួយ​ចំនួន​ធំ​ដែល​តាមដាន​សាច់​រឿង​ភ្ជង់​គំរាម​យក​ទ្រព្យ​សម្បត្តិ​កក្រើក​រាជ​ធានីភ្នំពេញ​ប្រាកដ​​ជា​បាន​ដឹង​ព័ត៌មាន​រស៊ើប​មួយ​ទៀត​ ដែល​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​បាន​​ចេញ​ផ្សាយ​ នោះ​គឺ​រឿង​ទំនាក់ទំនង​មនោសញ្ចេតនា​​ស្នេហា​រវាង​ជន​រង​គ្រោះ​ ឧកញ៉ា អ៊ាន សៀវម៉ី និង​មេក្រុម​ចោរ​ប្រដាប់​អាវុធ​ លោក សុខសុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ​ជា​មេ​បក្ស​ខ្មែរ​ក្រោក​។ យ៉ាង​ណា​មិញ​រឿង​រ៉ាវ​ដ៏​រសើប​ដែល​មហាជន​ខ្សឹបខ្សៀវ​គ្នា​​ច្រើន​លើ​ប្រព័ន្ធ​អនឡាញ​នេះ​ ត្រូវ​បាន​លោក​មេធាវី​ ២​រូប​ចេញ​មក​បញ្ជាក់​ការ​ពិត​ច្បាស់​ៗ​​ហើយ​ពី​ទំនាក់​ទំនង​របស់​ជនរងគ្រោះ​ និង​មេក្រុមចោរ​​ប្រដាប់​អាវុធ​ខាង​លើ​។

សូមចុច​អាន មេបក្សខ្មែរក្រោក ជាអ្នកដឹកនាំកម្លាំងដោយផ្ទាល់ចូលទៅគំរាមយកទ្រព្យសម្បត្តិពី ឧកញ៉ា អ៊ាន សៀវម៉ី

យោង​តាម​ការ​លិខិត​ជូន​ដំណឹង​​របស់​ក្រុមហ៊ុន​មេធាវី​កម្ពុជា​ ចិន​ លោក​មេធាវី ជា សុខចាន់ និង​លោក​មេធាវី នួន បូរ៉ា ជា​មេធាវី​តំណាង​ដោយអាណត្តិ​ឱ្យ​ ឧកញ៉ា អ៊ាន​ សៀវម៉ី បាន​ចេញ​មក​ច្រាន​ចោល​ និង​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ និង​សារព័ត៌មាន​មួយ​ចំនួន​ ដែល​បាន​ចេញ​ផ្សាយដោយ​ប្រើ​ចំណង​ជើង​ថា​ «សៀវម៉ី​ជា​ស្រី​កំណាន់​គ្មាន​ទី​បញ្ចប់​របស់​វីល្លាម ដែល​ជា​រឿយ​ៗ​ពួក​គេ​តែង​ណាត់​​ជួប​គ្នា​ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​ឋានសួគ៌​លោកីយ»។ នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ ក៏​បាន​បដិសេធ​ចោល​ដែរ​ចំពោះ​ការ​លើក​ឡើងរបស់​អង្គ​ភាព​សារព័ត៌មាន​មួយ​ដែល​បាន​លើក​ឡើង​​ថា​ «ចោរ​ប្លន់​គ្នា​វា​ សៀវម៉ី​ជា​ស្រី​កំណាន់​ចិត្ត​របស់​វីល្លាម មិន​ដឹង​ជា​យ៉ាង​ម៉េច​យ៉ាង​ម៉ា វា​ប្លន់​គ្នា​វា ក្បត់​ជាតិ​​គ្នា​វា​»។

ខ្លឹម​សារ​នៃ​លិខិត​នោះ​បាន​លើក​ឡើង​ថា​ការ​ចុះ​ផ្សាយ​ទាំងអស់​ខាង​លើ​នេះ​គឺជា​ព័ត៌មាន​បំភ្លើស​​ខុស​ពី​ការ​ពិត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូ​របស់​ឧកញ៉ា​ អ៊ាន​ សៀវម៉ី​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ទីបំផុត​ ព្រោះ​​ថៅកែ​អនឡាញ​គឺជា​ជន​រងគ្រោះ​ក្នុង​ករណី​នេះ​។

មេធាវី​តំណាង​ដោយ​អាណត្តិឱ្យ​​អ្នក​នាង​ អ៊ាន សៀវម៉ី ក៏​បាន​ដាក់​បន្ទុក​​ទៅ​លើ​សារព័ត៌មាន​ដែល​បាន​លើក​យក​រឿង​ខាង​លើ​មក​ចុះ​ផ្សាយ​ ដោយ​មិនមាន​ប្រភព​ច្បាស់លាស់​ មិនមាន​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន មិនមាន​ក្រម​សីលធម៌អ្នក​សារព័ត៌មាន​ ចុះ​ផ្សាយ​បែប​ញុះញង់​និង​បំផុសបំផុល​ចោទប្រកាន់​មក​លើ​កូន​ក្ដីខ្លួន​ ​បណ្ដាល​ឱ្យ​កើត​មាន​ការ​រើស​អើង​មក​លើ​កូន​ក្ដី​របស់​ខ្លួន​។ ក្នុង​នាម​ជា​មេធាវីតំណាង​ដោយ​ញត្តិ​ឱ្យ​ឧកញ៉ា អ៊ាន សៀវម៉ី បាន​ប្រកាស​ថា​ កូន​ក្ដី​របស់​ខ្លួន​មិនមែន​ជាស្រី​កំណាន់​របស់​ឈ្មោះ​ វីល្លាម ហើយ​ក៏​គ្មាន​ទំនាក់ទំនង​អ្វី​នឹង​ឈ្មោះ​នេះ​ដែរ​ ដោយ​អ្នក​នាង​មាន​ស្វាមី​និង​កូន​ចំនួន​៣​នាក់។

ក្រៅ​ពី​ស្នើ​ឱ្យ​បណ្ដាញ​សារព័ត៌មាន​នានា ក៏​ដូច​ជា​សាធារណជន​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចែក​រំលែក​​ដំណឹង​មិន​ពិត​ប្រាកដ​នេះ​ ក៏​មាន​លើក​ឡើង​ដែរ​ថា​ប្រសិន​បើ​បុគ្គល​ ឬ​ស្ថាប័ន​​ព័ត៌មាន​ណា​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​បំភ្លើស​ខុស​ពី​ការ​ពិត​ បង្កាច់​បង្ខូច​កេរ្តិឈ្មោះ​ ធ្វើ​ឱ្យ​ភាន់ច្រឡំ​ដល់​មតិសាធារណជន ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​កូន​ក្ដី​ខ្លួន​នោះ​ មេធាវីតំណាង​ដោយ​អាណត្តិ​របស់​អ្នក​នាង​នឹង​ចាត់​វិធាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តាម​ផ្លូវ​ច្បាប់​។

សូម​អាន​ខ្លឹមសារ​លិខិត​ទាំង​ស្រុង​នៅ​ខាង​ក្រោម​នេះ​៖

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.