
នៅវេលាម៉ោង៧:១៧នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ ក្លិបបាល់ទាត់ MOF Customs United F.C សមាជិកពានរង្វាន់លីគកម្រិតទី២របស់ប្រទេសថៃ (Thai League 2) ដែលមានមូលដ្ឋាននៅខេត្ត Samut Prakanបានបង្ហោះរូបថតកីឡាករ ច្រឹង ពលរដ្ឋ អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា និងជាកីឡាករក្នុងក្រុមបាល់ទាត់វិសាខា ក្នុងប្រទេសកម្ពុជា ថានឹងចូលរួមក្នុងក្រុមខ្លួននាពេលឆាប់ៗ។
រូបថតរបស់ ច្រឹង ពលរដ្ឋ ដែលកាលនោះបានចុះកិច្ចសន្យាខ្ចីជើងឱ្យក្លិប Buriram United កាលពីឆ្នាំ២០១៩ ជាមួយលោកប្រធានក្លិប Newin Chidchob ត្រូវបានគេយកទៅបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ក្លិប ដោយបិទមុខកីឡាករកម្ពុជារូបនេះ ជាមួយនឹងពាក្យថា «Coming Soon»។
អត្ថបទពាក់ព័ន្ធ៖ក្លិបវិសាខា បង្ហាញប្លង់រួមរបស់កីឡដ្ឋានព្រីនស៍ គ្រោងបញ្ចប់ការសាងសង់ នៅចន្លោះឆ្នាំ២០២៣-២០២៤
ជុំវិញនឹងបញ្ហានេះលោក ហុក សុចិត្រា អគ្គលេខាធិការរបស់ក្លិបបាល់ទាត់វិសាខា ដែលជាក្លិបសាមីរបស់កីឡាករ ច្រឹង ពលរដ្ឋ កំពុងតែប្រកបអាជីពនាពេលបច្ចុប្បន្ន បានបញ្ជាក់មកកាន់សារព័ត៌មានត្រយង ថា៖«ដូចជាមិនមានទាន់មានអ្វីពិតប្រាកដនៅឡើយនោះទេ គ្រាន់តែមានការទាក់ទងសួរនាំ (ពីខាងភាគីថៃ) ប៉ុន្តែឱ្យពិតប្រាកដថាយ៉ាងម៉េចគឺមិនទាន់ចេញជារូបរាងនៅឡើយ»។

ពានរង្វាន់លីគទី២ប្រទេសថៃ បានបើកទីផ្សារដោះដូរកីឡាករលើកទី១ ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខណៈការទីផ្សារដោះដូរកីឡាករលើកទី២ ធ្វើឡើងពីថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ចំណែកផែនការប្រកួតរដូវកាលថ្មីឆ្នាំ២០២១ ដល់២០២២ នឹងប្រកួតពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
ក្លិបបាល់ទាត់ MOF Customs United F.C មានគ្រូបង្វឹកជាជនជាតិស្វីស គឺ លោក Damian Bellón ហើយបានបញ្ចប់រដូវកាលឆ្នាំ២០២០-២១ ឈរចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមក្រុមជាសមាជិកទាំង១៨ក្រុម ក្រោយប្រកួតបាន៣៤លើក ឈ្នះបាន១១លើក ស្មើគ្នា៦លើក និងចាញ់១៧លើក មាន៣៩ពិន្ទុ។ ក្រុមនេះប្រើប្រាស់កីឡដ្ឋាន Lad Krabang 54 Stadium ធ្វើជាទឹកដីរបស់ខ្លួន ដែលមានក្រសួងហិរញ្ញវត្ថុ របស់ថៃ ជាម្ចាស់ជំនួយពីក្រោយខ្នង។
អត្ថបទពាក់ព័ន្ធ៖កីឡាករបរទេសម្នាក់នៅលីគកំពូលកម្ពុជា ត្រូវប្រទេសកំណើតកោះហៅចូលក្រុមជម្រើសជាតិ
យ៉ាងណាក្តីក្លិបបាល់ទាត់វិសាខា បានបង្ហាញរូបភាពសកម្មភាពហ្វឹកហាត់ត្រៀមប្រកួតឡើងវិញក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅពាក់កណ្ដាលខែឧសភា នេះក្រោយសម្រាកអស់មួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនោះក៏មានរូបភាពរបស់កីឡាករ ច្រឹង ពលរដ្ឋ ផងដែរ៕
