បន្ទាប់​ពី​អ្នក​គ្រប់​គ្រង​កម្មវិធី​ «បុណ្យ​ភូមិ​សៀមរាប» លោក យឹម តាស្រង់​ បាន​ចេញ​សារ​ស្រាយ​បំភ្លឺ​ចំពោះ​ការ​ភ័ន្តច្រឡំ​ទៅ​កាន់ គណៈ​​កម្ម​ការ​បុណ្យ​ភូមិ ភ្លើង​គប់​ វិញ​នោះ​ កញ្ញា​ រិទ្ធី លំអរពេជ្រ ដែល​ជា​ស្ថាបនិក​កម្មវិធី​បុណ្យ​ភូមិ​នៃ​ក្រុម​ភ្លើង​គប់​ ក៏​បាន​ចូល​មក​​ឆ្លើយ​តប​សារ​របស់​លោក​ យឹម​ តាស្រង់​ ភ្លាម​ៗ​ផង​ដែរ​។

លោក យឹម តាស្រង់ អ្នក​គ្រប់គ្រង «បុណ្យភូមិសៀមរាប»

សូមចុច​អាន​ ក្រោយ​មានការ​ភ័ន្តច្រឡំ លោក យឹម តា​ស្រង់ ចេញ​សារ​ឆ្លើយតប​រឿង «បុណ្យ​ភូមិ​សៀមរាប»

កញ្ញា​ រិទ្ធី លំអរ​ពេជ្រ បាន​ចូល​មក​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សារ​បក​ស្រាយ​របស់​លោក ​យឹម ​តាស្រង់​ ថា​សេចក្ដី​ប្រកាស​របស់​ខ្លួន​មិន​បាន​សំដៅ​មិន​ឱ្យ​ប្រើ​ប្រាស់​ពាក្យ​បុណ្យភូមិ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ក្រុម​ការងារ​របស់​កញ្ញា​​បារម្ភ​គឺ​ខ្លាច​មាន​ការ​ច្រឡំ​ ដោយ​សារ​តែ​កម្មវិធី​បុណ្យ​ភូមិ​សៀមរាប បាន​ប្រើ​ប្រាស់​ផ្លាក​សញ្ញា និង​ វីដេអូ​របស់​ក្រុម​ការងារ​ភ្លើង​គប់​ ដោយ​មិនមាន​ការ​អនុញ្ញាត​ពី​ភាគី​កញ្ញា​នោះ​ឡើយ​។

«ក្នុងសេចក្តីប្រកាសរបស់បុណ្យភូមិ មានបាននិយាយថាមិនអាចប្រើប្រាស់ឈ្មោះ “បុណ្យភូមិ”​ ឯណា។ បុណ្យភូមិចង់បញ្ជាក់ថា “បុណ្យភូមិសៀមរាប”​ គឺមិនមែនរៀបចំដោយក្រុមការងារភ្លើងគប់ទេ​ព្រោះខ្លាចច្រលំដោយសារតែក្នុងវីដេអូនោះបានយកវីដេអូរបស់ “បុណ្យភូមិ” និងផ្លាកសញ្ញាដែលក្រុមការងារភ្លើងគប់បានផលិតយកទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត។»

កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិក​បុណ្យភូមិ​

ក្រៅ​ពី​កញ្ញា​ រិទ្ធី លំអរពេជ្រ រហើយ​នោះ​កញ្ញា​ រិទ្ធី​ លំអរកេសរ ដែល​ត្រូវ​ជា​ប្អូន​ស្រី​ និង​ជា​ក្រុម​ការងារ​ភ្លើង​គប់​នោះ​ក៏​បាន​ចូល​ទៅ​បញ្ចេញ​​ជា​មតិ​យោបល់​ក្រោម​ផុស​របស់​ យឹម​ តាស្រង់​ ដូច​ទៅ​នឹង​បង​ស្រី​របស់​ខ្លួន​ដែរ ដោយ​កញ្ញា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖

ក្រុមការងារបុណ្យភូមិ និងឡេឡេបុណ្យភូមិ ខិតខំបង្កេីត និងប្រារព្ធកម្មវិធីនេះមកបាន៨ឆ្នាំហេីយ ចុងក្រោយត្រូវបានគេថាពួកគាត់ជាមនុស្ស «ចិត្តចង្អៀត»

ក្រៅ​ពី​ការ​លើក​ឡើង​របស់​បុគ្គល​ល្បី​​និង​លេច​ធ្លោរ​ទាំង​ពីរ​​រូប​នេះ​ក៏​មាន​ក្រុមការងារ​ដែល​ធ្លាប់​ជា​​ក្រុមការងារ​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​ បុណ្យភូមិ​ និង​បណ្ដាហ្វេន​ៗ​មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​មក​បង្ហាញ​មតិ​យោបល់​ច្រើន​ចំពោះ​ករណី​ចម្រូងចម្រាស​រវាង​ស្ថាបនិក​បុណ្យ​ភូមិ​ កញ្ញា​ រិទ្ធី លំអរ​ពេជ្រ និង​ អ្នក​គ្រប់គ្រង​បុណ្យភូមិ​សៀមរាប លោក​ យឹម តាស្រង់​ ដោយ​ភាគ​ច្រើន​ឃើញ​ថា​មាន​ទំនោរ​គាំទ្រ​ទៅ​លើ​ភាគី​ខាង​ស្ថាបនិក​បុណ្យ​ភូមិ​​ ក្រុមការងារ​ភ្លើង​គប់​។

បន្ទាប់​ពី​អ្នក​គ្រប់គ្រង​រូប​នេះ​ចេញមក​បង្ហោះ​សារ​ឆ្លើយតប​និង​ភ្ជាប់​ជាមួយ​នឹង​សេចក្ដី​ប្រកាស​របស់​ ក្រុមការងារ​ភ្លើង​គប់ហើយ​ នោះ​ ភាគី​ផលិតកម្ម​ Galaxy Navatra ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​រៀបចំ​កម្មវិធី​នេះ​ មិន​ទាន់​មាន​ចំណាត់​ការ​លុប​ចេញ​វីដេអូ footages ឬ​​ Logo ដែល​ខាង​ភាគី​ក្រុម​ការងារ​ភ្លើង​គប់​បាន​ស្នើ​សុំ​នៅ​ឡើយ​ទេ​។

ចំពោះ​ដំណើរ​ការ​នៃ​ការងារ​នេះ​នឹង​ជា​យ៉ាង​ណា​ទៀត​នោះ​ ក្រុមការងារ​សិល្បៈកម្សាន្ត​ត្រយង​នឹង​លើក​យក​មក​ផ្សព្វផ្សាយ​ជា​បន្ត​​ទៀត​៕

Telegram-Troryorng

Share.