
ខេត្តសៀមរាប កែប ព្រះសីហនុ ស្ថិតក្នុងបញ្ជីដែលសហព័ន្ធខ្មែរកីឡាទោចក្រយាន ជ្រើសរើសធ្វើជាទីតាំងប្រកួត ក្នុងពេលជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ដោយហេតុផលថាខេត្តទាំង៣ នេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយសក្តានុពលនិងស្របតាមស្តង់ដាបច្ចេកទេសសម្រាប់ការរៀបចំការប្រកួតកីឡាប្រណាំងកង់។
អត្ថបទពាក់ព័ន្ធ៖ការវិវត្តត្រឹមពេលនេះនៃផែនការស៊ីហ្គេម២០២៣ ទាំងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រកម្ពុជា បានបកស្រាយថា៖
ទី១-ខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ឧទ្យានភ្នំគូលែន ដែលអាចរៀបចំការប្រកួតប្រភេទកីឡាកង់ភ្នំ កង់គក់ ដែលក្រុមការងារបច្ចេកទេសរបស់សហព័ន្ធបានចុះទៅត្រួតពិនិត្យម្តងរួចហើយៗបានសង្គេត និងវាយតម្លៃថានឹងអាចរៀបចំការប្រកួតស្របតាមស្តង់ដាបច្ចេកទេសយ៉ាងល្អប្រសើរ។
ទី២-ខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញដ៏ល្អ ដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ម្តងប្រកបដោយភាពជោគជ័យ កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ ដោយខេត្តមួយនេះប្រកបដោយសក្តានុពលផ្លូវថ្នល់ ដែលទាក់ទាញខ្លាំងក្នុងការរៀបចំការប្រកួតផង និងទាក់ទាញ់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងការចូលរួមទស្សនាគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ផងដែរ។

ទី៣ គឺខេត្តកែប ក៏មានលក្ខណៈស្រដៀងគ្នានឹងខេត្តព្រះសីហនុផងដែរ ដោយខេត្តកែបមានស្ថានភាពផ្លូវថ្នល់ឡើងចុះ ក្នុងនោះមានឧទ្សានខេត្តកែប ដែលផ្តល់នូវភាពងាយស្រួលក្នុងការរៀបចំការប្រណាំងកង់ភ្នំ ស្របតាមបទដ្ឋានបច្ចេកទេសសមស្របទៀតផង។
លោក នូ ចំរើន បានសង្កត់ធ្ងន់ថា ក្នុងចំណោមខេត្តសក្តានុពលទាំង៣នេះ គឺខេត្តសៀមរាប ជាខេត្តអាទិភាពជាងគេ សម្រាប់ការប្រណាំងកង់ នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ម្យ៉ាងទៀតប្រភពធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹកភាគច្រើន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍-វប្បធម៌ដ៏ទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះផងដែរ៕
ប្រភព៖Cambodia SEA GAMES 2023
