
វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២០-២០២១ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រេចតាំងពីដើមមកថានឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី ខណៈបេក្ខភាពទាំង២ក្រុមចុងក្រោយសុទ្ធតែធ្វើដំណើរទៅពីប្រទេសអង់គ្លេស មានក្រុម Chelsea និង Manchester City។
ដោយឡែកមួយរយៈចុងក្រោយនេះសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ក៏ដូចជាក្រុម Chelsea និង Manchester City សុទ្ធតែមានចេតនាស្នើសុំទៅ UEFA ប្តូរទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅវេលាម៉ោង២យប់ ថ្ងៃទី២៩ ខែឧសភា នេះទៅធ្វើនៅកីឡដ្ឋានជាតិ Wembley Stadium ក្នុងទីក្រុងឡុងដុង វិញ។ យ៉ាងណាក្តីមិនទាន់មានចម្លើយផ្លូវការណាមួយពី UEFA ចំពោះចម្លើយនេះនោះទេ។
អត្ថបទពាក់ព័ន្ធ៖ពាន Champions League អាយុ៦៦ឆ្នាំហើយ នេះជាលើកទី៣ ដែលក្រុមអង់គ្លេសប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ
មូលហេតុដែលមានការស្នើសុំប្តូរទីលានប្រកួតនេះ ដោយសារតែប្រទេសទួរគី ស្ថិតក្នុងសភាពបិទខ្ទប់ (Lockdown) ពីថ្ងៃទី២៩ ខែមេសា ដល់១៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពោលគឺការបិទខ្ទប់នេះមានរយៈពេល១២ថ្ងៃមុនប្រកួតវគ្គផ្ដាច់ព្រ័ត្រមកដល់។ ទួរគី ជាប្រទេសដែលចក្រភពអង់គ្លេស សម្រេចដាក់ក្នុងបញ្ជីក្រហម (ឆ្លងកម្រិតខ្ពស់) ហាមមិនឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ កាលពីសប្ដាហ៍មុនផងដែរ។
ចំណែកប្រទេសព័រទុយហ្គាល់ បានចេញមុខថាប្រទេសខ្លួនអាចទទួលការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានដោយហេតុថាប្រទេសខ្លួនស្ថិតក្នុងបញ្ជីបៃតង ដែលអង់គ្លេសអនុញ្ញាតឱ្យប្រជាជនខ្លួនអាចធ្វើដំណើរទៅបាន ប៉ុន្តែត្រូវធ្វើតេស្ត២ថ្ងៃមុនធ្វើដំណើរចេញចូលប្រទេសទាំង២នេះ។
អត្ថបទពាក់ព័ន្ធ៖Chelsea និង Man City សុំប្តូរទីលានប្រកួត Champions League ពីទួរគី ទៅធ្វើនៅអង់គ្លេសវិញ
យ៉ាងណាក្តីប្រទេសនេះក៏យល់ស្របតាមការកំណត់របស់ UEFA ដែលឱ្យទស្សនិកជនចូលទស្សនាមានកម្រិតមួយ ខណៈប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងពានEuropa League រវាងក្រុម Villarreal ជាមួយ Manchester United នឹងធ្វើឡើងនៅ Gdansk Stadium ប្រទេសប៉ូឡូញ នឹងអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាប្រមាណ១ម៉ឺននាក់ផងដែរ។
ទោះជាយ៉ាងណានៅថ្ងៃអង្គារ សប្ដាហ៍នេះ UEFA នឹងសម្រេចថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Chelsea និង Manchester City ក្នុងពាន UEFA Champions League នឹងប្តូរទីតាំង ឬបន្តធ្វើនៅប្រទេសទួរគី ដដែល៕
