
សហព័ន្ធកីឡាបាល់ទះថៃ បានប្រកាសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះបាននឹងមិនបញ្ជូនក្រុមបាល់ទះក្នុងសាលនារីជម្រើសជាតិទៅប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក 2021 FIVB Volleyball Women’s Nations League ដែលនឹងធ្វើឡើងនៅទីក្រុង Rimini ប្រទេសអ៊ីតាលី នៅចុងខែឧសភា ខាងមុខនេះដោយសារតែស្ថានភាពនៃជំងឺកូវីដ។
បើតាមលិខិតផ្លូវការដែលបង្ហោះជាសាធារណៈនៅព្រឹកថ្ងៃនេះ សហព័ន្ធកីឡាបាល់ទះថៃ បញ្ជាក់ថាកាលពីថ្ងៃទី១០ ឧសភា មានមន្ត្រីជំនាញការកីឡាចំនួន៤នាក់រកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ហើយនៅថ្ងៃទី១១ ខែឧសភា មានការយកសំណាកតេស្តកូវីដ-១៩ ដល់អ្នកពាក់ព័ន្ធក្នុងក្រុមជម្រើសជាតិបាល់ទះនារីថៃទាំងអស់។ នៅថ្ងៃទី១២ ខែឧសភា លទ្ធផលនៃការធ្វើតេស្តចេញជាផ្លូវការ ដោយវិជ្ជមាន២២នាក់ ក្នុងចំណោមសមាជិក កីឡាការិនី និងគ្រូបង្វឹកទាំង ៣៧នាក់ ទាំងអ្នកទាំងនោះមិនមានរោគសញ្ញាកូវីដ-១៩ នៅខាងក្រៅនោះទេ។

ដូច្នេះហើយសហព័ន្ធកីឡាបាល់ទះថៃ បានធ្វើលិខិតស្នើសុំទៅកាន់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ ដើម្បីដកខ្លួនចេញពី 2021 FIVB Volleyball Women’s Nations League ដែលនៅសល់ប្រហែលតែ២សប្ដាហ៍ប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖រាជិនីបាល់ទះថៃ Ajcharaporn Kongyot ចុះកុងត្រាលេងឱ្យក្លិបនៅលីគទួរគី
សូមបញ្ជាក់ថាពានរង្វាន់ 2021 FIVB Volleyball Women’s Nations League រៀបចំពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយមានក្រុមចូលរួមចំនួន១៦ក្រុមមកពី៤ទ្វីប។ ក្រុមដែលចូលរួមមានប្រេស៊ីល ចិន អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហុល្លង់ រុស្ស៊ី សែប កូរ៉េខាងត្បូង ទួរគី អាមេរិក បែលហ្សិក កាណាដា ដូមីនីកា និងប៉ូឡូញ ខណៈថៃ សុំដកខ្លួន។ នៅពេលនេះសហព័ន្ធកីឡាបាល់ទះអន្តរជាតិ មិនទាន់កំណត់ថានឹងយកក្រុមប្រទេសណា ដាក់ជំនួសក្រុមថៃ នៅឡើយទេ៕
