បើតាមការបញ្ជាក់របស់លោក សុខ រ៉ាស៊ី បានឱ្យដឹងថា ស្ថានភាពរបស់លោក អៀង ចេនឡា នៅពេលនេះគឺមានសភាពធ្ងនធ្ងរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ លោក អៀង ចេនឡា មានអាការរវើយរវាយ និងបាត់បង់ស្មារតីចងចាំទៅហើយ ដោយសារតែលោកមានជំងឺរលាកស្រោមខួរក្បាល។

ចុចអាន៖ លោក សុខ រ៉ាស៊ី បញ្ជាក់ពីអាការបងប្រុស គ្រូពេទ្យថា មិនមានសង្ឃឹមក្នុងការព្យាបាលបន្តទេ!

យ៉ាងណាមិញ លោក សុខ រ៉ាស៊ី ដែលជាប្អូនប្រុសរបស់លោក អៀង ចេនឡា ធ្លាប់បានលើកឡើងថា ដោយសារតែបញ្ហាថវិការ និងស្ថានភាពជំងឺកូវីដ-១៩ ផង ទើបធ្វើឱ្យលោក និងក្រុមគ្រួសារពិបាកសម្រេចចិត្តក្នុងបញ្ជូនបងប្រុសលោកទៅព្យាបាលនៅក្រៅប្រទេស។ តែមួយរយៈនេះ គេបានឃើញថា មានសប្បុរសជន និងតារាសិល្បៈ ជាច្រើននាក់ បានបង្ហាញក្ដីព្រួយបារម្ភ និងចង់ជួយចែករំលែកថ្លៃព្យាបាលដល់លោក អៀង ចេនឡា តាមរយៈការបរិច្ចាគថវិការមួយចំនួន។

ថ្មីៗនេះ លោក សុខ រ៉ាស៊ី បានឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយងថា ប្រសិនបើនៅតែមានសប្បុរសជន និងតារាសិល្បៈ បន្តបរិច្ចាគថវិការក្នុងការជួយព្យាបាលជំងឺបងប្រុសលោកទៀតនោះ លោកនិងក្រុមគ្រួសាសម្រេចចិត្តថា នឹងបញ្ជូនបងប្រុសទៅព្យាបាលនៅក្រៅប្រទេសហើយ ដែលជាក្ដីសង្ឃឹមចុងក្រោយ។ យ៉ាងណាមិញ លោក រ៉ាស៊ី មិនបានបញ្ជាក់នោះទេថា កន្លងមកការព្យាបាលបងប្រុសរបស់លោក បានចំណាយប្រាក់ខ្ទង់ប៉ុន្មាននោះទេ។

មហាជនអ្នកគាំទ្រ និងស្រឡាញ់តារាកំប្លែង អៀង ចេនឡា នៅតែបន់ស្រន់សូមឱ្យលោកបានឆាប់ជាសះស្បើយ និងចៀសផុតពីគ្រោះភ័យនៅពេលនេះផងដែរ៕

Telegram-Troryorng
Share.