ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ឆ្នាំ២០២២ រក​ឃើញ​ក្រុម​ជើង​ឯក​លើ​វិញ្ញាសា Mobile Legends ហើយ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដែល​នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​ លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​វៀតណាម និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​លើកទី៣២ ឆ្នាំ​២០២៣​ បន្ទាប់​ពី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ពីរ​ក្រោម​អធិបតីភាព ឯកឧត្តម ជា ចន្ទបរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិកកម្ពុជា។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​មាន​ក្រុម​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជា​ច្រើន​មុន​ពេល​ជ្រើសរើស​៨ក្រុម​ចុងក្រោយ​ដើម្បី​ប្រកួត​វគ្គ​វិល​សន្សំ​ពិន្ទុ។ ក្រោយ​មក​ទៀត ការ​ប្រកួត​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ។

សម្រាប់​លទ្ធផល​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ជើង​ឯក​បាន​ទៅក្រុម BURN X PLASH បន្ទាប់​ពី​ឈ្នះ​ក្រុម SEE YOU SOON។ ចំណែក​កីឡាករ XE ON បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ផង​ដែរ។

ឯកឧត្តម ជា ចន្ទបរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិកកម្ពុជា បាន​លើក​ឡើង​ថា៖«ការ​កំណត់​កន្លង​មក​គឺ​យក​កីឡាករ​អាយុ​ចាប់​ពី​១៨ឆ្នាំ​ឡើង ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០២៣ តទៅ​គឺ​កំណត់​អាយុ​ចាប់​ពី​អាយុ​១៦​ឆ្នាំ​​ឡើង​ទៅ​វិញ​ម្តង។ ដូច្នេះ​សូម​ប្អូនៗ​ដែល​មាន​សមត្ថភាព សូម​ពង្រឹង​បច្ចេកទេស​ដើម្បី​ចូលរួម​នៅ​ឆ្នាំ​បន្តបន្ទាប់»។ ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​ទាំង​អស់​បាន​ចូលរួម តាំង​ពី​ដើម​មក និង​អរគុណ​ដល់​ក្រុម​ការងារ​បច្ចេកទេស​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដោយ​ជោគជ័យ។

អត្ថបទពាក់ព័ន្ធ៖កីឡា​អេឡិចត្រូនិក វិញ្ញាសា PUBG Mobileរើស​​បាន​កីឡាករ​​ត្រៀម ស៊ីហ្គេម​នៅ​វៀតណាម និង​កម្ពុជា

វិញ្ញាសា Mobile Legends ជា​វិញ្ញាសា​ទី២ ហើយ​​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​លើ​វិញ្ញាសា PUBG Mobile កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈកន្លង​ទៅ ក្រោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) ចាប់​ដៃ​ជាមួយ​ក្រុម​ហ៊ុនទូរសព្ទ Cellcard សម្រាប់​ព្រឹត្តិការណ៍«ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ​២០២១ នៅ​វៀតណាម និងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»។

បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត គោល​បំណង​នៃ​ការ​ប្រកួត​គឺ​ដើម្បី​ជ្រើសរើស​កីឡាករ​ល្អៗ​បង្កើត​ជា​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣១ នៅ​ប្រទេស​វៀតណាម។ ដូច្នេះមានន័យថា ជយលាភី​ចុងក្រោយ​នេះ​មិនទាន់​ជា​ក្រុម​ជម្រើស​ជាតិ​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​នឹង​មាន​ការ​ជ្រើសរើស​សមាជិក​ដែល​មាន​ជំនាញ​រៀងៗ​ខ្លួន​បន្ថែម ដើម្បី​បង្កើត​ជា​ក្រុម​ជម្រើស​ជាតិ។

អត្ថបទពាក់ព័ន្ធ៖ហ្គេម​ទាំង​៨​នេះ​ដាក់​ជា​វិញ្ញាសា​ប្រកួត​កីឡា​កម្រិត​ទ្វីប​អាស៊ី 2022 Asian Games នៅ​ចិន

សហព័ន្ធ​ក៏​បាន​បង្កើត​គណៈកម្មការ​បច្ចេកទេស​ដើម្បី​ជ្រើសរើស​ គ្រូបង្វឹក និង​កីឡាករ​ជម្រើស​ជាតិ​ ដែល​ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ បង្កើន​សមត្ថភាព​ បំផុសបំផុល​ និង​ជំរុញ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា ដើម្បី​ឲ្យ​រីកចម្រើន​ឈាន​ឡើង​លំដាប់​អន្តរជាតិ​សម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Telegram-Troryorng
Share.