
ទីបំផុតវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League 2020-21 រវាងក្រុមបាល់ទាត់របស់អង់គ្លេសទាំង២គឺក្រុម Manchester City ជាមួយក្រុមChelsea ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រេចប្តូរទីលានពីប្រទេសទួរគី ទៅធ្វើនៅប្រទេសព័រទុយហ្គាល់ ព្រមទាំងបើកឱ្យទស្សនិកជនចូលទស្សនាផងដែរតែត្រូវមានកម្រិត។
ដំបូងឡើយការប្រកួតនេះគ្រោងធ្វើឡើងនៅប្រទេសទួរគី ក្នុងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខនៅកីឡដ្ឋាន Atatürk Olympic Stadium ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ប៉ុន្តែដោយសារប្រទេសនេះស្ថិតក្នុងសភាពបិទខ្ទប់ (Lockdown) នៅឡើយ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទើប UEFA សម្រេចប្តូរទីតាំងតែម្តង។

អត្ថបទពាក់ព័ន្ធ៖ព័រទុយហ្គាល់ ចេញមុខសុំធ្វើម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ Champion League ក្រោយទួរគីស្រពិចស្រពិល
លោក Aleksander Čeferin ប្រធាន UEFA លើកឡើងថាការប្តូរទីលានប្រកួតនេះក៏បានអនុញ្ញាតិឱ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅក្នុងទីលានដែរ គឺអាចក្នុងចំណោមកំណត់ត្រឹម៦០០០នាក់ ព្រោះថាប្រទេសព័រទុយហ្គាល់ ស្ថិតក្នុងបញ្ជីបៃតង ដែលអង់គ្លេសអនុញ្ញាតឱ្យប្រជាជនខ្លួនអាចធ្វើដំណើរទៅបាន ដោយមិនចាំបាច់ធ្វើចត្តាឡឺស័កទាំងទៅទាំងមក។
ដូច្នេះប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមManchester City ជាមួយក្រុមChelsea នឹងធ្វើឡើងនៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លើទីលានកីឡដ្ឋាន Estádio do Dragão ក្នុងទីក្រុង Porto ក្រោមការកាត់សេចក្តីពីសំណាក់អាជ្ញាកណ្ដាលលោក Antonio Mateu Lahoz ជនជាតិអេស្ប៉ាញ៕
អត្ថបទពាក់ព័ន្ធ៖ពាន Champions League អាយុ៦៦ឆ្នាំហើយ នេះជាលើកទី៣ ដែលក្រុមអង់គ្លេសប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ
