យោងតាម TV Insider ភាពយន្តដែលសម្បូរទៅដោយរឿងចម្រូងចម្រាស «365 Days» តែក៏ជាភាពយន្តដែលមានភាពល្បីល្បាញនិងពេញនិយមខ្លាំងនឹងត្រលប់មកបញ្ចាំងលើ Netflix ថែមទៀតតែម្ដងនេះមិនមែនតែមួយវគ្គនោះទេ តែមានរហូតដល់ទៅ២វគ្គបន្ថែម។
សូមចុចត្រង់នេះ៖ ហ្វេនអន្ទះសារ! ស្រីស្អាត៣រូបនេះម្នាក់ណាជាតួឯកស្រីក្នុងរឿងថ្មីរបស់ ខាត់ វ៉ៃហាំង

Michele Morrone និង Anna-Maria នឹងត្រលប់មកសម្ដែងជាតួឯកសម្រាប់ភាពយន្តស្រើបស្រាលរបស់ប៉ូឡូញដែលថតតាមលំនាំសៀវភៅរបស់អ្នកនិពន្ធ Blanka Lipinska, Magdalena Lamparska និង Otar Saralidze ខណៈតារាម៉ូដែលនិងតារាសម្ដែង Simone Susinna នឹងចូលមកសម្ដែងជាតួអង្គបន្ថែមថ្មីក្នុងភាពយន្តនេះ។ ខណៈ Barbara Bialowas និង Tomasz Mandes នៅតែជាអ្នកដឹកនាំរឿងនេះដដែល។
ភាពយន្តបែប Erotic (ផ្លូវភេទ) នេះល្បីល្បាញនិងពេញនិយមខ្លាំងព្រោះជាប់ក្នុងបញ្ជីមានអ្នកទស្សនាច្រើនជាងគេទាំង១០របស់ Netflix ក្នុងចំណោមជាង៩០ប្រទេស ហើយក៏ជាភាពយន្តដែលមានអ្នកចុចស្វែងរកច្រើនជាងគេបំផុតលើ Google ទូទាំងពិភពលោកកាលពីឆ្នាំ ២០២០ផងដែរ។

«365 Days គឺជាភាពយន្តដ៏ពេញនិយមបំផុតក្នុងចំណោមសមាជិកភាពយន្តយើងក្នុងឆ្នាំ២០២០។ ពួកយើងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកនិពន្ធសៀវភៅនិងអ្នកនិពន្ធសេណារីយ៉ូភាពយន្ត ដើម្បីបន្តរឿងរ៉ាវស្នេហាផ្សងព្រេងរបស់ Laura និង Massiomo ដែលរឿងរ៉ាវរបស់អ្នកទាំងពីរនឹងពោរពេញទៅដោយភាពយន្តបត់បែននិងក្រឡាប់ចាក់ជាពិសេសនឹងមានរឿងរ៉ាវច្រើនដែលធ្វើឱ្យតួអង្គបានរៀនសូត្របន្ថែម» នេះជាសម្ដីរបស់លោក Lukasz Kluskiewicz តំណាង Netflix។
ចំណែកអ្នកនិពន្ធសៀវភៅ Lipinska ក៏បានបន្ថែមទៀតដែរថា៖ «ខ្ញុំមានកិត្តិយសធំធេងណាស់វគ្គពីរបន្ថែមពីសៀវភៅ 365 Days trilogy , This Day និង Next 365 Days នឹងត្រូវបានផលិតចេញជារូបរាងហើយបញ្ចាំងនៅលើ Netflix។ ខ្ញុំពិតជារំភើបណាស់ដែលបានបង្ហាញអ្នកគាំទ្រប្រលោមលោកខ្ញុំនៅទូទាំងពិភពលោកពីចរិតលក្ខណៈប្លែកថ្មីនិងបន្តសាច់រឿងមិនទាន់បញ្ចប់របស់ Laura និង Massimo»។

សម្រាប់សាច់រឿង២ វគ្គក្រោយនេះបើតាមការឱ្យដឹងពីរផ្នែកផលិតនិងអ្នកនិពន្ធអាចនឹងមានលក្ខណៈស្រាលជាងពីវគ្គទីមួយ ទាំងពាក្យពេចន៍និងឈុតឆាកផ្សេងៗ ដែលជាចំណុចរសើបនិងបង្កឱ្យមានរិះគន់ក្នុងវគ្គទីមួយ។
សាច់រឿងនេះនិយាយពីស្ត្រីប៉ូឡូញវ័យក្មេងមួយរូបត្រូវបានសេដ្ឋីម៉ាហ្វៀចាប់ជំរិតហើយទុករយៈពេលមួយឆ្នាំឱ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ។ ភាពយន្តក្នុងពេលបញ្ចាំងដំបូងរងនូវការរិះគន់ធ្ងន់ៗព្រោះតែសាច់រឿងបង្ហាញពីការចាប់បង្ខំខាងផ្លូវភេទ ការប្រើហិង្សានិងការចាប់ជំរិត៕
