កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពោលគឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អ្នកនាងឌី សូនិត្តាបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងដែលមានអ្នកយករូបអ្នកនាងខណៈពពោះទៅផុសរហូតនាំឱ្យមានមនុស្សមួយក្រុមបានចូលមកជេរ ប្រមាថ និងស្ដីថាឱ្យអ្នកនាង។យ៉ាងណាមិញនៅថ្ងៃនេះ (ថ្ងៃ១៧ ខែឧសភា) ម្ចាស់ផេកស្ទីយោថតរូប Autumn Newborn Photography បានចេញមកធ្វើការសុំទោសចំពោះអ្នកនាងជាសាធារណៈចំពោះការយករូបរបស់អ្នកនាងទៅប្រើប្រាស់ដោយចិត្តឯង។
សូមចុចត្រង់នេះ៖ ឌី សូនីតាត្រូវគេយករូបពពោះទៅផុស ប្រមាថនិងគំរាមទម្លាយឆាតឆ្លើយឆ្លង!

«ក្នុងនាមខ្ញុំជាម្ចាស់ផេកស្ទីយោថតរូប Autumn Newborn Photography សូមចេញមុខសុំទោសជាសាធារណៈចំពោះសាមីខ្លួន បងស្រី ឌីសូនិត្តា ផ្ទាល់ដែលបានបង្ហោះរូបថតគាត់ពេលមានផ្ទៃពោះ ផុសដាក់លើខូវើផេករបស់យើងខ្ញុំ ដោយមិនមានការផ្តល់ដំណឹងជូនបងស្រីជាមុន ហើយមិនបានសុំការអនុញាតពីបងស្រី ព្រោះនឹកឃើញថា កាត់ដាក់រូបតូចៗមិនជាបញ្ហាទេ។ ហើយពេលនោះបងស្រីក៏បានប្រាប់ខាងក្រុមការងារដែរថាកុំអោយផុសរូបមួយសន្លឹកនេះព្រោះបងទុក តែដោយសារខាងក្រុមការងារ មានចន្លោះខ្វះខាតដោយអចេតនា សូមបងស្រីអធ្យាស្រ័យ។ ជាក់ស្តែងរូបនេះផងដែរផេកយើងខ្ញុំក៏បានផុស៦ខែមកហើយ ទើបតែមកដល់ពេលថ្មីៗនេះមានគេស៊ែរច្រើន ដូច្នេះធ្វើឱ្យប៉ះពាល់ដល់បងស្រី វាពិតជាកំហុសពួកយើងខ្ញុំមែន ពេលនេះផេកយើងខ្ញុំបានលុបចោលជាផ្លូវការហើយ មិនមានរូបបងស្រីទៀតទេ។ ប្អូនសូមអភ័យទោសដល់បងស្រីនិងក្រុមគ្រួសារផង។»
ក្រោយម្ចាស់ផេកខាងលើបានផុសសុំទោសជាសាធារណៈហើយនោះអ្នកនាង ឌី សូនិត្តា ក៏បានចេញមក Share សំណេរខាងលើព្រមទាំងសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងដែលអ្នកនាងបានហាមប្រាមហើយខាងផេកនៅតែមិនស្ដាប់រហូតធ្វើឱ្យអ្នកនាងត្រូវគេប្រមាថ។
«ប្រសិនបើរូបពោះទទេរបស់ខ្ញុំអ្នកមិនបំពានបំរាមដែលខ្ញុំហាមអ្នកមិនអោយផុសតាំងពីថ្ងៃថតរូបដំបូង ក៏ខ្ញុំមិនត្រូវពួកសម្ព័ន្ធគេមកជេរខ្ញុំអីចឹងដែរ និយាយរួមខ្ញុំមិនដឹងថាអ្នកយល់ឃើញបែបណា បានសុខចិត្តកាត់តរូបតូចៗកុំអោយមើលដឹង ហើយយកទៅដាក់លើខូវើរបស់អ្នក។ អ្នកគិតថាគេពង្រីកមើលមិនកើតមែន? រូបផ្សេងៗមុនផុសសួរខ្ញុំមុន ចុះរូបដែលខ្ញុំថតពោះរបស់ខ្ញុំ មិចហ៊ានផុសទៅកើតទាំងដែលខ្ញុំប្រាប់តាំងពីដើមហើយ។ ដោយសារកំហុសអ្នកដែលនិយាយថាអចេតនាលាក់បាំងខ្ញុំដែលជាម្ចាស់ខ្លួន ឥលូវវាមានរឿងអីកើតឡើង? ខ្ញុំបានត្រឹមតែស៊ែនៅអ្វីដែលអ្នកសុំទោស ហើយអ្នកគ្រាន់តែលុបរូបនោះចោល ប៉ុន្តែខ្ញុំត្រូវពួកដែលចាំតែឈ្លៀតឱកាសមកព្រួតគ្នាជេរខ្ញុំ ទាំងចោតខ្ញុំគ្រប់រឿង។ អស់អីនិយាយបានត្រឹមតែឈឺក្បាលជាមួយពួកបងៗសម្ព័ន្ធ។»
