
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានបេសកកម្មទៅប្រកួតបង្គ្រប់ដែលនៅសេសសល់ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី នៅក្នុងខែមិថុនា ខាងមុខ ជាមួយក្រុមអ៊ីរ៉ង់ អ៊ីរ៉ាក់ ហុងកុង និងម្ចាស់ផ្ទះបារ៉ែន។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ក្រុមការងារ«ត្រយង» ថា៖«បើមិនការប្រែប្រួល ក្រោយចប់សកម្មភាពប្រកួតលីគក្នុងស្រុកនៅថ្ងៃទី២៦ ឧសភា យើងជុំគ្នាបាន១ថ្ងៃ ហើយចេញដំណើរទៅបារ៉ែន នៅថ្ងៃទី២៨ ឧសភា តែម្តង ហើយបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិកម្ពុជា យើងនឹងផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ»។
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
លោកបានបន្តថា៖«តាមផែនការរបស់យើងលើកនេះ យើងមិនមានសកម្មភាពប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមប្រទេសណាមួយនោះទេ ដោយយើងធ្វើដំណើរទៅបារ៉ែន ផ្ទាល់ហើយធ្វើការហ្វឹកហាត់នៅទីនោះ រហូតដល់ថ្ងៃប្រកួតតែម្តង»។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថ្មីជនជាតិជប៉ុន លោក Ryu Hirose មានបញ្ហារឿងរើសកីឡាករដោយសារស្ថានភាពកូវីដ-១៩ រីករាលដាលហើយសកម្មភាពបាល់ទាត់ក្នុងស្រុកនានាត្រូវផ្អាកផងដែរ។ លោកធ្លាប់បានលើកឡើងនៅលើហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថា៖«ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ឃើញថាការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្អែកលើសមិទ្ធផលដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ននិងជាកីឡាករដែលមានសក្ដានុពលខ្ពស់សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»។
អត្ថបទពាក់ព័ន្ធ៖គ្រូថ្មីកម្ពុជា រើសកីឡាករទៅជម្រុះ World Cup ផ្អែកលើហេតុផល២យ៉ាងនេះ
សូមបញ្ជាក់ថាការប្រកួតវគ្គជម្រុះពូល C នេះធ្វើឡើងនៅប្រទេសបារ៉ែន ពីថ្ងៃទី៣ ដល់១៥ ខែមិថុនា ឆ្នាំ២០២១ ដោយកម្ពុជា ត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី៣ មិថុនា ហើយបន្តជួបអ៊ីរ៉ាក់ នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១១ មិថុនា។ ក្រុមដែលឈរលេខ១និងលេខ២ក្នុងពូល មានឈ្មោះឡើងទៅជុំបន្ត ហើយក្រុមដែលឈរលេខ៣ដល់លេខ៥ គឺត្រូវកំណត់ចំណាត់ថ្នាក់ដើម្បីបន្តប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីប AFC Asian Cup 2023 នៅប្រទេសចិន៕
រូបថត៖FFC
