
សហព័ន្ធកីឡាបាល់ទះទ្វីបអាមេរិកខាងត្បូង (Confederación Sudamericana de Voleibol) ដែលមានការិយាល័យកណ្ដាលនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានជ្រើសរើសប្រធានថ្មី ចូលកាន់ដំណែង ក្រោយលោក Rafael Lloreda Currea ជនជាតិកូឡុំប៊ី ជាប្រធានសហព័ន្ធប្រចាំទ្វីបចាស់ បានទទួលមរណភាពកាលពីខែមេសា កន្លងទៅដោយសារជំងឺកូវីដ-១៩។
អ្នកចូលកាន់តំណែងជំនួសនេះគឺលោក Marco Tullio Teixeira ជាជនជាតិប្រេស៊ីល ដែលលោកធ្លាប់ជាអតីតកីឡាករក្នុងក្រុមជម្រើសជាតិរបស់លោកទាំងក្នុងក្រុមបាល់ទះក្នុងសាល និងបាល់ទះលើឆ្នេរខ្សាច់។ មុនចូលកាន់តំណែងនេះលោកមានតួរនាទីជាអនុប្រធានសហព័ន្ធប្រចាំទ្វីបរួចទៅហើយផងដែរ។ ក្បាលម៉ាស៊ីនថ្មីនេះនឹងដឹកនាំរហូតដល់ឆ្នាំ២០២៤ ខាងមុខ។
បើតាមវិបសាយ Volleyabll.World លោក Marco Tullio Teixeira ធ្លាប់នាំយកមេដាយជូនជាតិជាច្រើនកាលពីនៅជាកីឡាករហើយ ក្រោយពេលចូលនិវត្តន៍លោកក៏ទទួលបានតួនាទីផ្នែករដ្ឋបាលកីឡាទាំងក្នុងសហព័ន្ធទ្វីបអាមេរិកខាងត្បូង និងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ រហូតដល់ឆ្នាំ២០១៤ លោកបានក្លាយជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទះអន្តរជាតិផ្នែករដ្ឋបាលនិងផែនហិរញ្ញវត្ថុ។ លោកធ្លាប់ជាសមាជិកសហព័ន្ធកីឡាបាល់ទះឆ្នេរខ្សាច់ពិភពលោកចន្លោះឆ្នាំ១៩៨៧ដល់២០១៦ ផងដែរ។
អត្ថបទពាក់ព័ន្ធ៖ចិន ប្រកាសដកខ្លួន ខណៈហុល្លង់ ចូលជំនួសក្នុងពានរង្វាន់បាល់ទះកម្រិតពិភពលោក Nations League
លោក Marco Tullio Teixeira ថ្លែងការសោកស្ដាយដែលបាត់បង់លោក Rafael Lloreda Currea ដែលជាមេដឹកនាំនិងជាមិត្តដ៏ល្អ ដែលបានជំរុញបាល់ទះក្នុងទ្វីបទៅកាន់ពិភពលោក។ យ៉ាងណាក្តីលោកតាំងចិត្តដឹកនាំសហព័ន្ធមួយនេះឱ្យបានល្អ ក្នុងតួនាទីថ្មី។
ដំណាលគ្នានេះដែរលោក Julio Perez Alfaro មកពីប្រទេសអ៊ុយរ៉ាហ្គាយ នឹងចូលកាន់តំណែងក្នុងក្រុមប្រឹក្សាកីឡាបាល់ទះសហព័ន្ធទ្វីបអាមេរិកខាងត្បូង ផ្នែករដ្ឋបាល ជំនួសលោកMarco Tullio Teixeira ដែលឡើងទៅឈរកៅអីជាប្រធាន៕
