
លោក សាប៊ូន វិនតា នាយកបច្ចេកទេសរបស់ក្លិបអាយ.អេស.អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) សមាជិកពានរង្វាន់លីគលំដាប់ទី២ Cambodian League 2 រំពឹងដំណើរទៅដល់របស់កីឡាករចំណូលថ្មី លី សារ័ត្ន នឹងជួយក្រុមបានច្រើននៅក្នុងតំបន់ប្រយុទ្ធ ក្នុងបេសកកម្មឆ្នាំ២០២១នេះ។
បុរសកាន់អាជ្ញាប័ណ្ឌគ្រូបង្វឹកកម្រិត AFC A License រូបនេះបានប្រាប់មកកាន់ក្រុមការងារ «ត្រយង» ថា៖«ដោយសារយើងចង់ពង្រឹងនៅតំបន់ខាងលើ (ប្រយុទ្ធ) ហើយគាត់ជាកីឡាករប្រយុទ្ធទោល មានសមត្ថភាពបញ្ចប់ទីបានល្អ យើងបានពិនិត្យពេលហ្វឹកហាត់សមជាមួយគាត់មុនចុះកុងត្រា ឃើញថាគាត់អាចបំពេញចន្លោះបានតែម្តង។ យើងរំពឹងថាគាត់នឹងជាផ្នែកមួយជួយក្រុមក្នុងការរកគ្រាប់បាល់ នៅពេលប្រកួតពានរង្វាន់លីគ២ ខាងមុខនេះ»។
ប្រភពបន្តថាក្លិបមិនទាន់បានទទួលបានដំណឹងច្បាស់ការណាមួយនោះទេ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) អំពីដំណើរការនៃការប្រកួតពានលីគទី២។ ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ មួយនេះត្រូវការត្រៀមខ្លួនឱ្យបានល្អដើម្បីប្រជែងយកជើងឯកនិងទទួលឱកាសឡើងទៅលេងលីគកំពូលកម្ពុជា ឆ្នាំ២០២២ ខាងមុខ។
អត្ថបទពាក់ព័ន្ធ៖កូនប្រុសលោក ប្រាក់ សុវណ្ណារ៉ា ទៅចូលរួមក្រុមលីគទី២ អាយ.អេស.អាយ ដង្កោសែនជ័យ
សូមបញ្ជាក់ថាកីឡាករ លី សារ័ត្ន ចេញពីក្រុមថ្នាលយុវជនតារាអូឡាំពិក ហើយក្រោមមករូបគេផ្ទេរទៅកាន់ក្រុមយុវជនថ្នាល U-16 ព្រះខ័នរាជស្វាយរៀង ហើយក្រោយមកត្រូវបានតំឡើងឱ្យលេងនៅក្នុងក្រុមឈុតធំ ក្នុងជំនាន់លោក សំ វ៉ាន់ដេត ជាគ្រូបង្វឹក។ ចេញពីព្រះខ័នរាជស្វាយរៀង សារ័ត្ន បានផ្លាស់ទៅកាន់ខេត្តសៀមរាប ដោយចូលរួមក្នុងក្រុមសូលទីឡូអង្គរ សមាជិកលីគកំពូលកម្ពុជា ចំនួន២រដូវកាល មុនធ្វើដំណើរមកដល់ក្រុម អាយ.អេស.អាយ ដង្កោរសែនជ័យ នេះ។
ក្លិបអាយ.អេស.អាយ ដង្កោសែនជ័យ ប្រើប្រាស់ទីលាន KMH ហើយលទ្ធផលកាលពីឆ្នាំមុនក្នុងពានរង្វាន់លីគទី២ ក្រុមនេះបានឡើងដល់វគ្គ៤ក្រុមចុងក្រោយដែរ តែធ្លាក់ដោយថ្វីជើងក្រុមយុវជនភ្នំពេញក្រោន។ រូបមន្តប្រកួតកាលនោះ បន្ទាប់ពីប្រកួតសន្សំពិន្ទុហើយ ក្រុមលេខ៤ ជួបលេខ៣ អ្នកឈ្នះឡើងទៅជួបក្រុមលេខ២ និងក្រុមដែលបន្តជ័យជម្នះឡើងទៅដណ្តើមជើងឯកជាមួយក្រុមឈរលេខ១។ ក្រុម អាយ.អេស.អាយ ដង្កោសែនជ័យ បានបរាជ័យត្រឹមវគ្គក្រុមលេខ៤ ជួបក្រុមលេខ៣៕
