ជារៀងរាល់ឆ្នាំកម្មវិធី «បុណ្យភូមិ» តែងតែធ្វើឡើងនៅតាមបរិវេណវត្តអារាម ក៏ប៉ុន្តែ នៅក្នុងឆ្នាំនេះ កម្មវិធី «បុណ្យភូមិ» ហាក់ប្លែកបន្តិច ដោយមានបែងចែកជា២ទីតាំងផ្សេងគ្នា។ កម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី ថ្ងៃទី១-២-៣ និង ថ្ងៃទី៨-៩-១០ ខែមេសា ខាងមុខនេះហើយ។

បើតាមការប្រកាសរបស់គណៈកម្មការរៀបចំបុណ្យភូមិបានរៀបរាប់ថា៖ «✨ បុណ្យភូមិ២០២២ សប្ដាហ៍ទី១ គឺនៅ Factory Phnom Penh ✨ យេ!!!!!!! ទីតាំងទី១ សប្តាហ៍ទី១នៅ Factory Phnom Penh ចុះសប្តាហ៍ទី២? ចាំជួបគ្នានៅវត្ត_ (លាក់សិនណា៎😁) អ្នកទាំងអស់គ្នាអាចមកទទួលយកអារម្មណ៍ដែលធ្លាប់មានកាលពី២ឆ្នាំមុនមកវិញហើយ 🙌🏻 តោះមករាំលេងកម្សាន្តឆឺតៗ លេងល្បែងប្រជាប្រិយខ្មែរ ញ៊ាំអាហារឆ្ងាញ់ៗនៅផ្សារបុណ្យភូមិ ថែមទាំងទស្សនា «ការប្រគំតន្រ្តី Pleng បុណ្យភូមិ» សម្រាប់កម្មវិធីបុណ្យភូមិសប្ដាហ៍ទីមួយ រយៈពេល៣ថ្ងៃ ១-២-៣ ខែមេសា ឆ្នាំ២០២២ 🤩»។

គួរដឹងដែរថា កម្មវិធី «បុណ្យភូមិ» ជាកម្មវិធីបែបប្រពៃណីមួយដែលប្រមូលផ្តុំ និងគាស់រម្លើងឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ពិធីសាសនា ការជួបជុំរបស់ជនជាតិខ្មែរ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ អមជាមួយនឹងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ដជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ មានការបង្ហាញនិងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ តែដោយឡែកនៅអំឡុងឆ្នាំ ២០២១ កម្មវិធីបុណ្យមួយនេះត្រូវបានប្រព្រឹត្តិឡើងតាមបែបឌីជីថលវិញម្ដង ដើម្បីរួមចំណែកការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យកាត់បន្ថយការជួបជុំ និងការប្រមូលផ្ដុំគ្នា។

កុំឱ្យខកខានឱកាសឆ្នាំនេះ តោះទៅលេងបុណ្យភូមិទាំងអស់គ្នា៕

សូមចូលអាន-ចាំ​យូរ​ហើយ​មែន​ទេ​? កម្ម​វិធី​បុណ្យ​ភូមិ​ឆ្នាំ​២០២២​ បាន​វិល​មក​វិញ​ហើយ​

Telegram-Troryorng
Share.