
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសថៃ ដែលមានក្រុមហ៊ុន Thai Premier League co.ltd ជាសេនាធិការ បានបញ្ជាក់នៅយប់ថ្ងៃពុធ សប្ដាហ៍នេះថាពានរង្វាន់លីគក្នុងប្រទេសថៃ មាន៣កម្រិតមាន Thai League 1, Thai League 2, Thai League 3 គ្រោងចាប់ផ្ដើមក្នុងពេលវេលាខុសៗគ្នា សម្រាប់រដូវកាលឆ្នាំ២០២១-២២ ខាងមុខនេះ។
*ពានរង្វាន់ Thai League 1
លីគកំពូលប្រទេសថៃ មានឈ្មោះថា Toyota Thai League នេះមានសមាជិកចំនួន ១៦ ក្រុម ដែលមាន២៤០ប្រកួត គ្រោងចាប់ផ្ដើមពីថ្ងៃទី៣១ កក្កដា ២០២១ ហើយនឹងបញ្ចប់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ឆ្នាំ២០២២។ ក្រុមចំណាត់ថ្នាក់ខ្ពស់ចំនួន៤ មានកៅអីឡើងទៅលេងក្នុងពានរង្វាន់ធំជាងគេប្រចាំទ្វីប AFC Champion League ខណៈក្រុមដែលមានពិន្ទុទាបជាងគេក្នុងតារាងចំនួន៣ ត្រូវធ្លាក់ទៅលេងពានរង្វាន់ Thai League 2។
អត្ថបទពាក់ព័ន្ធ៖ក្រោយលើកពានលីគកំពូលថៃ គ្រូបង្វឹករូបនេះផ្ទេរទៅដឹកនាំក្លិបដែលលោក ប៉ែន ផាត ធ្លាប់ចូលរួមកាលពីក្បែរ៥០ឆ្នាំមុន
*ពានរង្វាន់ Thai League 2
ពានរង្វាន់លីគលំដាប់ទី២ នៃប្រទេសថៃ នេះបានដាក់ឈ្មោះថា M-150 Championshipមានក្រុមសរុបចំនួន១៨ ក្រុមត្រូវប្រកួតគ្នាពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ក្រោយប្រកួតសន្សំពិន្ទុ២ជើង ក្រុមឈរលេខ១ និងលេខ២ មានឈ្មោះឡើងទៅលេងពាន Thai League 1 ដោយស្វ័យប្រវត្តិ ហើយក្រុមលេខ៣ដល់លេខ៦ត្រូវប្រកួតគ្នារកអ្នកឈ្នះទៅបំពេញកៅអី១ក្រុមនៅ Thai League 1។ ចំណែកក្រុមចំណាត់ថ្នាក់បាតតារាង៣ក្រុមត្រូវធ្លាក់ទៅលេងពាន Thai League 3។

*ពានរង្វាន់ Thai League 3
ជាពានរង្វាន់លីគលំដាប់ទី៣ នៅប្រទេសថៃ មានឈ្មោះថា Omsin League Regional Championship។ ពានរង្វាន់នេះគ្រោងប្រកួតពីថ្ងៃទី៤ ខែកញ្ញា ២០២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានក្រុមចូលរួមចំនួន៧២ក្រុម បែងចែកជា៦តំបន់ ក្នុងតំបន់នីមួយៗមានក្រុមប្រកួតចន្លោះពី១១ ទៅ១៤ក្រុម។ ក្រុមខ្លាំងតាមតំបន់នីមួយៗត្រូវឡើងទៅជួបគ្នា ស្វែងរកជើងឯកប្រចាំឆ្នាំនិងដណ្តើមកៅអីឡើងទៅលេងពាន Thai League 2។
