
ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិរបស់ថៃ បានយកឈ្នះលើក្រុមអ៊ីរ៉ាក់ ដោយលទ្ធផល ៧ទល់២ ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ពិភពលោក 2021 FIFA Futsal World Cup ប្រចាំទ្វីបអាស៊ី នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា នេះ នៅប្រទេសអារ៉ាប់រួម។
ការប្រកួតនេះធ្វើឡើងនៅ Khorfakkan Futsal Club Hall ក្នុងទីក្រុង Khor Fakkan ដែលជាទឹកដីកណ្ដាលមួយរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។
វគ្គជម្រុះនេះមានតែ២គូប៉ុណ្ណោះ ដោយក្រុមអ៊ីរ៉ាក់ ជួបថៃ និងវៀតណាម ជួបលីបង់ ហើយក្រុមទាំង២គូនេះត្រូវប្រកួតគ្នា២ជើង រកអ្នកឈ្នះឡើងទៅលេងពាន FIFA Futsal World Cup 2021 ជាមួយជប៉ុន អ៊ីរ៉ង់ និងអ៊ូបេគីស្ថាន តំណាងឱ្យទ្វីបអាស៊ីដែលមាន៥កៅអី។
អត្ថបទពាក់ព័ន្ធ៖សមាជិកហ្វូតសាលវៀតណាម ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ មុនជម្រុះ World Cup
កាលវិភាគប្រកួតមាន៖
*ជើងទី១ ថ្ងៃទី ២០ ឧសភា ២០២១ – អ៊ីរ៉ាក់ ២-៧ ថៃ
*ជើងទី២ ថ្ងៃទី២៥ ឧសភា ២០២១ – ថៃ Vs អ៊ីរ៉ាក់
*ជើងទី១ ថ្ងៃទី២៣ ឧសភា ២០២១ -វៀតណាម Vs លីបង់
*ជើងទី២ ថ្ងៃទី២៥ ឧសភា ២០២១ -លីបង់ Vs វៀតណាម
ខាងក្រោមជាវីដេអូហាយឡាយ ប្រកួតជើងទី១ រវាងអ៊ីរ៉ាក់ ចាញ់ថៃ ៧ទល់២៖
ការជ្រើសរើសក្រុមទៅលេងពាន FIFA Futsal World Cup 2021 នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប នេះ AFC បានជ្រើសរើសក្រុមចំនួន៣ ដែលទទួលបានចំណាត់ថ្នាក់ល្អកាលពីប្រកួត AFC Futsal Championship 2018 មានឈ្មោះឡើងទៅលេងដោយស្វ័យប្រវត្តិមានដែលកាលនោះមានអ៊ីរ៉ង់ ជាម្ចាស់ជើងឯក ជប៉ុន ជាជើងឯករងនិងអ៊ូបេគីស្ថាន ជាក្រុមមេដាយសំរឹទ្ធ។ ចំណែក២ក្រុមទៀត នឹងជ្រើសចេញពីវគ្គជម្រុះរវាងក្រុមលេខ៤ ដល់លេខ៧ ដោយក្រុមលេខ៤អ៊ីរ៉ាក់ ប៉ះក្រុមលេខ៦ ថៃ និងក្រុមលេខ៥ លីបង់ ជួបក្រុមលេខ៧វៀតណាម៕
