ថ្វី​ត្បិត​តែ​ធ្លាប់​​ប្រើ​ប្រាស់​ហិង្សា​លើ​អតីត​មិត្ត​ស្រី និង​ត្រូវ​ចាប់​បញ្ជូន​ទៅឃុំឃាំង​ ប៉ុន្តែ​នៅពេល​វិល​ត្រលប់​មក​មានសេរីភាព​ឡើងវិញ​ និង​ត្រលប់​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មួយ​ទំហឹង​ អេដវីន នៅ​តែ​ទទួល​បាន​ឱកាស​ល្អ​ ព្រោះ​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​តួឯក​ប្រុស​ក្នុងភាពយន្ត​ភាគ​ថ្មី​ជាស្នាដៃ​និពន្ធ​និង​ដឹកនាំ​ដោយ​លោក​ស្រី ពាន់ ភួង​បុប្ផា អ្នក​ដឹក​នាំ​ជើង​ចាស់​ពេញ​ដោយ​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​។

សាច់​រឿង​ទំនាស់​គ្នា​រវាង​អេដវីន និង​អតីត​មិត្ត​ស្រី​ថៅ​កែអាជីវកម្ម​កាហ្វេ​ដូង​ដ៏​ល្បីល្បាញ​ រហូត​ឈាន​ដល់​ប្រើប្រាស់​ហិង្សា​ ហើយ​លោក​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ឃុំឃាំង​​មួយ​រយៈ​ ទីបំផុត​អ្វីៗ​អាច​ដោះ​ស្រាយ​បាន​​លោកក៏​​ត្រលប់​មកមាន​សេរីភាព​ឡើងវិញ​។ ក្រោយ​មាន​សេរីភាព​តារា​រូប​នេះ​បាន​កោរ​សក់​បួស​ផ្ញើ​ខ្លួន​ក្រោម​ម្លប់​សាសនា​ដើម្បី​ជំរះ​ភាព​សៅហ្មង​និង​រំងាប់​ចិត្ត​កុំ​ឱ្យ​ឆាប់​ខឹង​ឆេវឆាវ​។

ការ​បោះ​ជើង​ចូល​សិល្បៈ​ឡើងវិញ​របស់​ អេដវីន អាច​នឹង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ ​លោក​ ម៉ែន និមលរ័ត្ន នាយក​ប្រតិបត្តិ​ CIM Stars ដែល​ជា​អតីត​ Boss របស់​លោក​ ព្រោះ​អេដវីន​បាន​បង្ហាញ​ខ្លួន​ជា​តារា​ដើរបង្ហាញ​ខ្លួន​លើ​ព្រំ​ក្រហម​ក្នុង​កម្មវិធី​​ប្រកាស​បើក​សម្ពោធ​សាក​ល្បង​​ស្ថាប័ន​បវរកញ្ញា​ CIM ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​ជា​ហ្វេន​របស់​លោក​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង។

កាល​ពី​ពេល​ថ្មីៗ​នេះ​ផលិតក​ម្ម​ កងចក្រ​ Picture បាន​បញ្ចេញ​ផ្ទាំង​ Poster ភាពយន្ត​ថ្មី​រឿង​ «ពេល​ម៉ែចាស់​ទៅ» ដែល​ជា​ស្នាដៃ​រឿង​ទីបី​ហើយ​ក្នុង​ស៊េរីភាពយន្ត​ «ម៉ែ» ស្នាដៃ​ដឹកនាំ​ដោយ​លោក​ស្រី​ ពាន់ ភួងបុប្ផា។ សម្រាប់​​​លោក​ស្រី​ ពាន់ ភួងបុប្ផា ធ្លាប់​បាន​ជ្រើសរើស​ អេដវីន ​មក​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​ «រសជាតិ​អ្នក​មាន​» របស់​ PNN កន្លង​មក​ ហើយ​ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដៃ​ ដូច្នេះ​នេះ​អាច​ក៏​ជា​ការ​ផ្ដល់ឱកាស​មួយ​ឱ្យ​​អេដវីន ពី​ព្រឹទ្ធចារ្យ​​ក្នុង​វិស័យ​កុន​រូប​នេះ​ក៏​ថា​បាន​។

«ពេល​ម៉ែចាស់​ទៅ» គឺជាភាពយន្ត​ដែល​ដក​ស្រង់​ផលិត​ចេញ​ពី​ប្រលោកមលោក​មាន​ចំណង​ជើង​ដូច​គ្នា​គឺ​ «ពេល​ម៉ែ​ចាស់​ទៅ​»​ គឺ​ជា​វណ្ណ​កម្ម​ថ្មី​ដែលនឹង​​ឆ្លុះ​បញ្ចាំងខ្សែ​ជីវិត​របស់​អ្នក​ម្ដាយ​វ័យ​ចំណាស់​​​ ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​​​​កាល​បរិច្ឆេទ​​បញ្ចាំង​គឺ​នៅ​ថ្ងៃ​ទី​១៦ មិថុនា​ ខាង​មុខ​នេះ។

​ក្រៅ​ពី​ អេដវីន ​នៅ​មាន​តួអង្គ​សំខាន់​ផ្សេងៗ​​ជាច្រើន​ដួង​ទៀត​រួម​មាន៖ ​​តារា​ភាពយន្ត​សល់​ពី​សង្គម​ចាស់​ លោក​ស្រី ​ឌី សាវ៉េត និង​រាជិនី​ក្រម៉ា កញ្ញា ​មាន​ សូនីតា​ ព្រម​ដោយ​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​និង​មាន​សមត្ថភាព​​ច្រើន​រូប​ទៀត​៕

សូមទស្សនាវីដេអូ Top News៖

អត្ថបទទាក់ទង​នឹង​អេដវីន៖

Telegram-Troryorng
Share.