
ក្រោយផ្លាស់ទៅប្រកបអាជីពនៅលីគកំពូលប្រទេសចិន ពីឆ្នាំ២០១៦ មក នៅពេលនេះខ្សែប្រយុទ្ធ Alan Kardec ជនជាតិប្រេស៊ីល បានប្រាប់សារព័ត៌មានក្នុងស្រុករបស់ចិនថា រូបគេកំពុងតែរៀបចំឯកសារដើម្បីទទួលបានសញ្ជាតិប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើលោក ផងដែរ។
កីឡាករវ័យ៣២ឆ្នាំរូបនេះមិនបានបញ្ជាក់ពីដំណើរការនៃការធ្វើឯកសារច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើសិនជាឯកសារនៃការស្នើសុំសញ្ជាតិបានដោយរលូន នោះរូបគេនឹងជាកីឡាករបរទេសទី១៣ដែលទទួលបានសញ្ជាតិចិន កំពុងប្រកបអាជីពនៅលីគកំពូលប្រទេសនេះ។
កីឡាករAlan Kardec ជាយុវជនថ្នាលនៅក្លិប Vasco da Gama ក្នុងប្រទេសប្រេស៊ីល ហើយធ្លាប់លេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលក្រោមអាយុ២០ឆ្នាំ នៅចន្លោះឆ្នាំ២០០៩ ព្រមទាំងឈ្នះពាន South American Youth Football Championship ផងដែរ តែចាប់ពីឆ្នាំ២០១៦ មករូបគេបានចូលរួមក្នុងក្រុមChongqing Lifan ក្រោយផ្ទេរពីក្រុម São Paulo។ រហូតដល់ឆ្នាំ២០២១ នេះរូបគេបានចេញទៅចូលរួម Shenzhen ម្ដង។
អត្ថបទពាក់ព័ន្ធ៖មានប្រជាជនជាង១ប៊ីលាននាក់ តែចិនកោះហៅកីឡាករចូលសញ្ជាតិថែម៥នាក់ត្រៀម World Cup
កីឡាករដែលធ្លាប់ទទួលបានសញ្ជាតិចិន ហើយខ្លះបានប្តូរឈ្មោះថ្មីទៀតផងដូចជា Nico Yennaris, John Hou Sæter នៅក្លិប Beijing Guoan កីឡាករAlan Carvalho, Aloísio, Elkeson, Fernando Henrique, Ricardo Goulart, Tyias Browning នៅក្លិបGuangzhou កីឡាករ Chico Chen នៅក្លិប Hebei កីឡាករ Pedro Delgado នៅក្លិបShandong Taishan កីឡាករAlexander N’Doumbou និងកីឡាករ Denny Wang នៅក្លិប Shanghai Shenhua៕
