
កីឡាករ វ៉ា មិថុនា ផ្នែកកីឡាករតេក្វាន់ដូ WTF បាន របូតកៅអីចេញពីវគ្គជម្រុះកីឡាអូឡាំពិកTokyo 2020 Olympic Gamesដែលធ្វើឡើងនៅទីក្រុង Amman ប្រទេសហ្សកដានី ក្នុងព្រឹត្តិការណ៍ «Asian Qualification Tournament» នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១ នេះ។
កីឡាករកម្ពុជា រូបនេះបានប្រកួតចាញ់កីឡាករ Liu Wei-ting របស់ក្រុមតៃវ៉ាន់ ដោយលទ្ធផល ៣៨ទល់៤ លើវិញ្ញាសាក្រោម៨០គីឡូក្រាម។ វិញ្ញាសានេះមានកីឡាករមកពី៨ប្រទេស ចូលរួម ដោយត្រូវចាប់គូប្រកួតស្វែងរកអ្នកឈ្នះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រោយយកឈ្នះកីឡាករកម្ពុជា កីឡាករ Liu Wei-ting ត្រូវឡើងទៅជួបកីឡាករ Khurram Mehtarshoev របស់ប្រទេសតាហ្ស៊ីគីស្ថាន ដែលបានយកឈ្នះកីឡាករកាតារ Ali Al-Araimi ដោយពិន្ទុ ១៤ទល់១២។ ចំណែកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ១គូទៀត ជាការជួបគ្នារវាងកីឡាករ Akbar Aitakhunov របស់កៀហ្ស៊ីស៊ីស្ថាន ជាមួយកីឡាករម្ចាស់ផ្ទះ Saleh Al-Sharabaty ដែលធ្លាប់ឈ្នះម្ចាស់មេដាយសំរឹទ្ធកីឡាអាស៊ី 2018 Asian Games នៅហ្សាកាតា ឥណ្ឌូណេស៊ី។
អត្ថបទពាក់ព័ន្ធ៖កម្ពុជា បញ្ជូនអត្តពលិកតេក្វាន់ដូ WTF ២រូបទៅប្រកួតជម្រុះអូឡាំពិកនៅហ្សកដានី
ភាគីកម្ពុជា បានបញ្ជូនអត្តពលិក២រូបទៅចូលរួមប្រកួត ក្រោមការដឹកនាំពីសំណាក់លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ។ ក្រោយកីឡាករ វ៉ា មិថុនា ធ្លាក់ចេញពីវគ្គជម្រុះនេះ កម្ពុជា នៅរង់ចាំអ៊ុតលទ្ធផលក្នុងការប្រកួតរបស់កីឡាការិនី ថិប កាសាន់ទ្រីនីកូល (Cassandre Nicole) កូនខ្មែររស់នៅសហរដ្ឋ អាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧ គីឡូក្រាម។
ព្រឹតិការណ៍ «Asian Qualification Tournament» ប្រកួតចាប់ពីថ្ងៃទី២១ ដល់២២ ខែឧសភា ឆ្នាំ២០២១ ជាព្រឹត្តិការណ៍ជម្រុះកីឡាតេក្វាន់ដូផ្នែក WTF (តេក្វាន់ដូបែបកូរ៉េខាងត្បូង)ទៅប្រកួតកីឡាអូឡាំពិក Tokyo 2020 Olympic Gamesនៅប្រទេសជប៉ុន ចន្លោះខែកក្កដា ដល់ខែសីហា ខាងមុខ។ វិញ្ញាសាប្រកួតបែងចែកជា២ប្រភេទគឺសម្រាប់បុរស និងនារី។ ចំពោះបុរសនឹងប្រកួតលើគីឡូ -៥៨Kg, -៥៨Kg, -៨០Kg, +៨០Kg និងនារី ត្រូវប្រកួតលើគីឡូ -៤៩Kg, -៥៧Kg, -៦៧Kg, +៦៧Kg៕
