លោក ឆយ និង​កីឡាករ មិថុនា នាពេលកន្លងមក

កីឡាករ វ៉ា មិថុនា ផ្នែក​កីឡាករ​តេក្វាន់ដូ​ WTF បាន​ របូត​កៅអី​ចេញ​ពី​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​Tokyo 2020 Olympic Gamesដែល​ធ្វើ​ឡើង​នៅ​​ទីក្រុង Amman ប្រទេស​ហ្សកដានី ក្នុង​ព្រឹត្តិការណ៍ «Asian Qualification Tournament» នៅ​​ថ្ងៃ​ទី២១​ខែ​ឧសភា ឆ្នាំ​២០២១ នេះ។

កីឡាករ​​កម្ពុជា រូប​នេះ​បាន​ប្រកួត​ចាញ់​កីឡាករ​ Liu Wei-ting របស់​ក្រុម​តៃវ៉ាន់ ដោយ​លទ្ធផល ៣៨ទល់៤ លើ​វិញ្ញាសា​ក្រោម​៨០​គីឡូក្រាម។ វិញ្ញាសា​នេះ​​មាន​កីឡាករ​មក​ពី​​៨ប្រទេស ចូលរួម ដោយ​​ត្រូវ​ចាប់​គូ​ប្រកួត​ស្វែង​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រោយ​យក​ឈ្នះ​កីឡាករ​កម្ពុជា កីឡាករ​ Liu Wei-ting ត្រូវ​ឡើង​ទៅ​ជួប​កីឡាករ Khurram Mehtarshoev របស់​ប្រទេស​តាហ្ស៊ីគីស្ថាន ដែល​បាន​យក​ឈ្នះ​កីឡាករ​កាតារ Ali Al-Araimi ដោយ​ពិន្ទុ ១៤ទល់១២។ ចំណែក​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​១គូ​ទៀត ​ជា​ការ​ជួប​គ្នា​រវាង​កីឡាករ Akbar Aitakhunov របស់​កៀហ្ស៊ីស៊ីស្ថាន ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ Saleh Al-Sharabaty ដែល​ធ្លាប់​ឈ្នះ​ម្ចាស់​​មេដាយ​សំរឹទ្ធ​កីឡា​អាស៊ី 2018 Asian Games នៅ​ហ្សាកាតា ឥណ្ឌូណេស៊ី។

អត្ថបទពាក់ព័ន្ធ៖កម្ពុជា បញ្ជូន​អត្តពលិក​តេក្វាន់ដូ WTF ​២​រូប​ទៅ​ប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ហ្សកដានី

ភាគី​កម្ពុជា បាន​បញ្ជូន​អត្តពលិក​២រូប​ទៅ​ចូលរួម​ប្រកួត ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ។ ​ក្រោយ​កីឡាករ វ៉ា មិថុនា ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​នេះ កម្ពុជា នៅ​រង់ចាំ​អ៊ុត​លទ្ធផល​ក្នុង​ការ​ប្រកួត​របស់​កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល (Cassandre Nicole) កូន​ខ្មែរ​រស់នៅ​សហរដ្ឋ អាមេរិក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៧ គីឡូក្រាម។

ព្រឹតិការណ៍ «Asian Qualification Tournament» ប្រកួត​ចាប់​ពី​​ថ្ងៃ​ទី២១ ដល់​២២ ខែ​ឧសភា ឆ្នាំ​២០២១ ជា​​ព្រឹត្តិការណ៍​​ជម្រុះ​កីឡា​តេក្វាន់ដូ​​ផ្នែក WTF (តេក្វាន់ដូ​បែប​កូរ៉េខាងត្បូង)ទៅ​ប្រកួត​កីឡា​អូឡាំពិក Tokyo 2020 Olympic Games​នៅ​ប្រទេស​ជប៉ុន ចន្លោះ​​ខែ​កក្កដា ដល់​ខែ​សីហា ខាង​មុខ។ ​វិញ្ញាសា​ប្រកួត​​បែង​ចែក​ជា​២​ប្រភេទ​គឺ​សម្រាប់​បុរស និង​នារី។ ​ចំពោះ​បុរស​នឹង​ប្រកួត​លើ​គីឡូ -៥៨Kg, -៥៨Kg, -៨០Kg, +៨០Kg និង​នារី ត្រូវ​ប្រកួត​លើ​គីឡូ -៤៩Kg, -៥៧Kg, -៦៧Kg, +៦៧Kg៕

Telegram-Troryorng
Share.