DJ Soda ឬមានឈ្មោះថា Hwang So Hee បានទទួលសំបុត្រសុំទោសក្រុមហ៊ុនអាកាសចរណ៍ American Airlines បន្ទាប់ពីនាងត្រូវបណ្ដេញពីលើយន្តហោះបាន២ថ្ងៃ។
តាមការរាយការណ៍ពី Maeil Business Star Today បានលើកឡើងថា Company Blue ជាក្រុមហ៊ុនគ្រប់គ្រងចំពោះ DJ Soda បានទទួលសំបុត្រនៅក្នុងអ៊ីម៉ែលចេញពីអ្នកគ្រប់គ្រងអតិថិជនក្រុមហ៊ុនអាកាសចរណ៍ American Airlines ជាផ្លូវការហើយ ដែលសំបុត្រនោះបានទទួលទាំងពីថ្ងៃទី ២៨ ខែមេសា មកម៉្លេះ ពោលគឺក្រោយថ្ងៃកើតហេតុការណ៍រយៈពេល ២ថ្ងៃ។
ក្រុមហ៊ុនអាកាសចរណ៍បានសរសេរសេចក្ដីសុំអភ័យទោស ចំពោះហេតុការណ៍ដែលបានកើតឡើង និងចំណាត់ការដែលគ្មានវិជ្ជាជីវៈ ដោយក្រុមហ៊ុនបានអះអាងថា៖ « ភាគីយើងសុំអភ័យទោសដោយចិត្តស្មោះចំពោះកញ្ញា Hwang So Hee ចំពោះមុខ ហើយខាងយើងសុំអភ័យទោសចំពោះភាពគ្មានវិជ្ជាជីវៈផងដែរ»។
ក្រៅពីនោះខាងក្រុមហ៊ុនបានលើកឡើងទៀតថា ៖ « យើងព្យាយាមផ្ដល់នូវបរិយាកាសល្អៗ ដើម្បីគោរព និងផ្ដល់កិត្តិយសសម្រាប់អ្នកដំណើរគ្រប់ៗរូប»។ ប្រយោគនេះបានសំដៅដល់ហេតុការណ៍ដែលកើតចេញពីករណី DJ Soda ស្លៀកខោមានពាក្យមិនសមរម្យ។
ភាគី Company Blue អ្នកគ្រប់គ្រងរបស់ DJ Soda បានអះអាងទៀតថា៖ «ចំណែកអ្វីដែលខាងយើងមានអារម្មណ៍មិនពេញចិត្ត រហូតទាមទារឱ្យមានយុត្តិធម៌នោះគឺ បុគ្គលិកបានបណ្ដេញយើងចុះចេញពីលើយន្តហើយដោយគ្មានការពន្យល់ហេតុផលអ្វីទាំងអស់។ ប្រសិនបើពេលនេះយើងបានដឹងពីមូលហេតុខ្លះៗ ម៉្លោះយើងរីករាយនឹងឱ្យ DJ Soda ផ្លាស់ប្ដូរសម្លៀកបំពាក់មុនឡើងយន្តហោះហើយ។ ខាងយើងបានព្យាយាមកែប្រែស្ថានការណ៍និងបានសុំឱ្យនាងប្តូរឈុតដែរ តែគ្មានដំណោះស្រាយ ហើយយើងមិនបានបន្ដនិតិវិធីអ្វីទាំងអស់ បន្ទាប់ពីបានទទួលនូវសំបុត្រសុំអភ័យទោសពីក្រុមហ៊ុនអាកាសចរណ៍នោះ»។
ដោយឡែកហេតុការណ៍ដែលបានកើតឡើងនោះ បានក្លាយជាវីរ៉ុសឆ្លងដល់បណ្ដាប្រទេសដទៃទៀតលើកមកនិយាយតៗគ្នា បន្ទាប់ពីឌីជេស្រីស្អាតរូបនេះបានបង្ហោះរៀបរាប់នៅលើអ៊ីនស្តាក្រាមរបស់នាង។ នាងបានឱ្យដឹងការគំរាមរបស់បុគ្គលិកក្រុមហ៊ុនអាចរណ៍ និងការគំរាមឱ្យវិចបង្វិចចុះពីលើយន្តហោះដោយគ្មានមូលហេតុបញ្ជាក់មុន។ នេះចាត់ទុកថា ជាបទពិសោធន៍ថ្មីដែលឱ្យ DJ Soda ចងចាំនៅក្នុងជីវិត។