
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីត្រៀមទៅចូលរួមក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដែលធ្វើឡើងនៅដើមខែមិថុនា ខាងមុខ ក្នុងប្រទេសបារ៉ែន។
អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះគឺក្រុមយុវជនរបស់ខេត្តព្រៃវែង រហូតដល់ទៅ៤រូបត្រូវបានលោកRyu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅឱ្យចូលក្រុមដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិ។ កីឡាករទាំង៤រូបនេះមាន ឡេង ណូរ៉ា, ស រតនា, ញឹម លីហួរ និង វុធ តុលា។
អត្ថបទពាក់ព័ន្ធ៖បញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ទៅជម្រុះ World Cup ចេញហើយ ខណៈក្រុមវិសាខា…
រយៈពេលជាង១០ឆ្នាំមកនេះ បើធៀបនឹងក្រុមឡើងមកពីលីគលំដាប់ទី២ ឬ ក២ (ជំនាន់មុន) មានតែក្រុមបឹងកេត និងវិសាខា ទេដែលឡើងមកលីគកំពូលភ្លាមមានសមាជិកជាប់ជម្រើសជាតិភ្លាម៖
*ឆ្នាំ២០១២ ក្រុមបឹងកេត ទទួលកៅអីឡើងមកលេងលីគកំពូលកម្ពុជា ហើយជំនាន់នោះមានកីឡាករ៣រូប ត្រូវបានលោក ហុក សុចិត្រា ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិជំនាន់នោះកោះហៅទៅចូលរួមប្រកួតក្នុងកីឡា AFF Suzuki Cup 2012 នៅប្រទេសមីយ៉ាន់ម៉ា។ កីឡាករទាំង៣នោះមានខ្សែការពារ ខៀវ វិបុល និង ទូច បញ្ចុរ៉ុង និងខ្សែប្រយុទ្ធ កែវ សុខង៉ន។
*ឆ្នាំ២០១៨ ក្រុមវិសាខា ទទួលបានកៅអីឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា ជាលើកដំបូងដោយកាលនោះមានតែកីឡាករ២រូបប៉ុណ្ណោះជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា មានខ្សែការពារ រស់ សំអឿន និងអ្នកចាំទី កែវ សុខសិលា។ កាលណោះក្រុមជម្រើសជាតិត្រូវប្រកួតក្នុងវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ 2019 AFC Asian Cup UAE ដែលប្រកួតបិទពូលជាមួយអាហ្វហ្គានីស្ថាន ក្នុងខែមីនា ឆ្នាំ២០១៨។ គ្រូបង្វឹកជំនាន់នោះគឺលោក ប្រាក់ សុវណ្ណារ៉ា ដែលចូលដឹកនាំជំនួសលោក Leonardo Vitorino ត្រូវសហព័ន្ធបញ្ឈប់កាលពីចុងឆ្នាំ២០១៧៕
