តាមការពិតម្ចាស់សណ្ឋាគារ សមុទ្រមាស អ្នកស្រី ជា ណារី មានវ័យ៤៨ឆ្នាំ ត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជាប់ពន្ធនាគារ តាំងតែពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងមក ប៉ុន្តែដោយសារតែអ្នកនាង ដេននី ក្វាន់ទទួលសំណងត្រឹមតែ ១ម៉ឺនដុល្លារទើបធ្វើឱ្យអ្នកនាង សម្រេចទម្លាយវីដេអូរឿងម្ចាស់សណ្ឋាគារនេះលួចបង្កប់កាំមេរ៉ាសុវត្ថិភាព ជាសាធារណៈលើគណនីរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ (២៦ ខែឧសភា) តែម្ដង។
សូមចុចត្រង់នេះ៖ សំណង១ម៉ឺនដុល្លារ ដេននី ក្វាន់ មិនយក តើចង់បានប៉ុន្មាន? ចុះខាងសណ្ឋាគាររួចពីសំណុំរឿងព្រហ្មទណ្ឌទេមើលទៅ?

តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួនលោកស្រី ជា ណារី ម្ចាស់សណ្ឋាគារ សមុទ្រមាស ត្រូវបានចោទប្រកាន់ពីបទ «អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីតាំងឯកជនដោយគ្មានការព្រមព្រៀងនិង ផលិតរូបភាពអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ» ប្រព្រឹត្តនៅបន្ទប់ជួល ក្រុម១៩ ភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បទ ល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា៣០២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤ មាត្រា៣៩ កថា ខណ្ឌទី៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។

បច្ចុប្បន្នម្ចាស់សណ្ឋាគារ សមុទ្រមាស កំពុងជាប់ពន្ធនាគារនៅឡើយទេ។ ចំណែក សណ្ឋាគារ ក៏បិទមិនអាចឱ្យធ្វើអាជីវកម្មដែរ។ ក្រៅពីសម្រេចផ្ដន្ទាទោសម្ចាស់សណ្ឋាគារ និងបិទលែងឱ្យប្រកបអាជីវកម្មហើយនោះតុលាការ បានសម្រេចអោយជនល្មើសសងជំងឺចិត្តដល់ជនរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ផងដែរ តែជនរងគ្រោះ អ្នកនាង ដេននី ខ្វាន់ គិតថាសំណងលុយ ១ម៉ឺនដុល្លារ តិចពេក ទើបបង្ហោះហ្វេសប៊ុក ស្រែកទាមទាររកអយុត្តិធម៌ជាសាធារណៈតែម្ដងទៅ។

គួរដឹងថា ឈ្មោះ ជា ណារី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់សណ្ឋាគារ សមុទ្រមាស មានទីកន្លែងកំណើត នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅសណ្ឋាគារសមុទ្រមាស សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ឪពុកឈ្មោះ ជា សេង “ស” ម្តាយឈ្មោះ ងោល ហូរ “ស” ប្តីឈ្មោះ មានុរិទ្ធ ហៅ ខេម តារា «លែងលះ» មានកូន០៣នាក់ ប្រវត្តិនៃការផ្ដន្ទាទោស គ្មាន ជានីតិជន គ្មាន ជនត្រូវចោទត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០៕
