
លោក Bassam Adeel Jaleel ប្រធានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសម៉ាល់ឌីវ បានបង្ហោះវីដេអូពីសកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិរបស់ខ្លួនហ្វឹកហាត់នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះជុំទី២ នៃពូល A ពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី។
ក្រុមម៉ាល់ឌីវ ស្ថិតនៅក្នុងពូល A មានស៊ីរី ចិន ហ្វីលីពីន និងកោះហ្គាម ខណៈវគ្គជម្រុះដែលនៅសេសសល់នេះនឹងប្រកួតនៅប្រទេសចិន ខណៈម៉ាល់ឌីវ ត្រូវប្រកួតជាមួយចិន នៅថ្ងៃទី៣ មិថុនា ហើយបន្តជួបស៊ីរី នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបហ្វីលីពីន នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១។
លោក Bassam Adeel Jaleel ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសម៉ាល់ឌីវ បានបង្ហោះវីដេអូនិងសរសេរនៅលើបណ្ដាញសង្គម របស់លោកថា៖«ប្រហែលជាមានតែក្រុមមួយម៉ាល់ឌីវ មួយប៉ុណ្ណោះដែលហ្វឹកហាត់ក្នុងបន្ទប់ ដើម្បីត្រៀមជម្រុះ World Cup។ កីឡាករនិងក្រុមគ្រូបង្វឹកសុទ្ធតែត្រៀមខ្លួនរួចរាល់ក្នុងការហ្វឹកហាត់ ក្នុងពេលដ៏លំបាក ដើម្បីព្យាយាមនិងនាំជាតិទៅកាន់ពិភពលោក។ អរគុណដល់ម្ចាស់សណ្ឋាគារ ដែលបានអនុញ្ញាតដល់ក្រុមហ្វឹកហាត់»។
ក្រុមជម្រើសជាតិម៉ាល់ឌីវ ក្រោមការដឹកនាំពីសំណាក់លោក Martin Koopman គ្រូបង្វឹកជនជាតិហុល្លង់ បានកោះហៅកីឡាករស្នាក់នៅជុំគ្នាតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មកម៉្លេះ នៅសណ្ឋាគារ Hotel Jen Male Maldives។ ប៉ុន្តែដោយសារស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លាំងពេកទើបត្រឹមប្រមូលម្តុំធ្វើចត្តាឡឺស័ក នៅក្នុងសណ្ឋាគារសិន រហូតដល់ថ្ងៃ២៤ ខែឧសភា ទើបអាចចេញក្រៅទៅទីលានហ្វឹកហាត់រួមគ្នាបាន។ នៅថ្ងៃសុក្រ សប្ដាហ៍នេះក្រុមទាំងមូលបានធ្វើតេស្តយកសំណាក មុនចាកចេញទៅប្រទេសចិន នៅថ្ងៃទី៣០ ខែឧសភា ស្អែកនេះ។
អត្ថបទពាក់ព័ន្ធ៖រដ្ឋមន្ត្រីកីឡាកោះម៉ាល់ឌីវ ឱ្យក្រុមឥណ្ឌា មួយ ចេញពីប្រទេសខ្លួនឱ្យបានលឿន ក្រោយសមាជិកឆ្លងកូវីដ-១៩
ចំណែកបញ្ជីឈ្មោះកីឡាករចុងក្រោយ២៣នាក់របស់ម៉ាល់ឌីវ មុនចេញដំណើរទៅប្រទេសចិន មាន៖
អ្នកចាំទី: Mohamed Faisal (Valencia), Mohamed Shafeeu (Valencia), Ali Najih (United Victory), Hussain Shareef (Maziya)
ខ្សែការពារ: Samooh Ali (Maziya), Akram Abdul Ghanee (Valencia), Ali Shamal Abdulla (United Victory), Ali Shamis (TC Sports), Ahmed Numan (Eagles), Hussain Sifaau (Eagles), Haisham Hassan (Eagles), Mohamed Saaif (Green Streets)
ខ្សែបម្រើ: Imran Nasheed (Eagles), Mohamed Irufan (Maziya), Ali Fasir (Valencia), Mohamed Naim (Eagles), Ibrahim Aisham (Maziya), Mohamed Umair (Maziya), Hussain Nihan (Maziya), Hamza Mohamed (Maziya)
ខ្សែប្រយុទ្ធ: Ali Ashfaq (Valencia), Asadhulla Abdulla (Maziya), Ibrahim Mahudhee (Maziya), Ali Haisham (United Victory), Hassan Nazeem (Green Streets)
