សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិកខាងត្បូង South American Football Confederation (CONMEBOL) បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​ធ្វើ​​ជា​សហ​ម្ចាស់​ផ្ទះ​​របស់​​ប្រទេស​អាហ្សង់ទីន និង​កូឡុំប៊ី ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ប្រចាំ​ទ្វីប​ដែល​មាន​វ័យ​១០៥ឆ្នាំ Copa América ព្រោះ​តែ​ស្ថានភាព​នៃ​ការ​ឆ្លងរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ កាន់​តែ​កើន​ឡើង​ក្នុង​ប្រទេស ខណៈ​​នៅ​សល់​តែ​១៣​ថ្ងៃ​ទៀត​ការ​ប្រកួត​នឹង​​ត្រូវ​​ចាប់​ផ្ដើម​​ហើយ។

តាម​ផែនការ​​ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ហើយ​ធ្វើ​ឡើង​នៅ​ប្រទេស​​អាហ្សង់ទីន សម្រាប់​ពូល A ហើយ​ពូល B ធ្វើ​នៅ​ប្រទេស​កូឡុំប៊ី។​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី២០ ឧសភា កន្លង​ទៅ​ប្រទេស​កូឡុំប៊ី បាន​ប្រកាស​ដក​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះ ខណៈ​នៅ​ដំណាច់​ខែ​​ប្រទេស​​អាហ្សង់ទីន ប្រកាស​ដក​ខ្លួន​ដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖អាមេរិកខាងត្បូង គ្រោង​យក​វ៉ាក់សាំង​ចិន​Sinovac ចាក់​ឱ្យ​កីឡាករ​មុន​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប

តាម​គម្រោង​ពូល A អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពេល​នេះ CONMEBOL កំពុង​តែ​ស្វែង​រក​ប្រទេស​ជា​សមាជិក​​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទទួល​បន្ត​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន Copa América ខណៈ​ប្រទេស​ឈីលី ធ្លាប់​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​នា​ពេល​កន្លង​ទៅ​ក្រោយ​កូឡុំប៊ី ប្រកាស​ដក​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូឡាវី ឈ្នះ​ម្នាក់​១លើក៕

អត្ថបទពាក់ព័ន្ធ៖សម្តេច​តេជោ៖«Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?»

Telegram-Troryorng
https://t.me/troryorngmedia
Share.