កាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីថ្មីរបស់ស្រីលង្កាលោក Ranil Wickremesinghe បាននិយាយកាលពីថ្ងៃ អាទិត្យ ទី ៣១ ខែ កក្កដា (ម៉ោងក្នុងស្រុក) ថា វាមិនមែនជាពេលវេលាដែលសមស្របសម្រាប់អតីតប្រធានាធិបតី Gotabaya Rajapaksa វិលត្រឡប់មកប្រទេសវិញទេ ព្រោះវាអាចធ្វើឲ្យមានភាពតានតឹងផ្នែកនយោបាយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Straits Times នាថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២។

លោក Wickremesinghe បាននិយាយនៅក្នុងបទសម្ភាស៍មួយថា «ខ្ញុំមិនជឿថា វាជាពេលវេលាសម្រាប់លោក Rajapaksa ដើម្បីវិលត្រឡប់មកវិញទេ ខ្ញុំមិនមានសញ្ញាអ្វីមួយថា លោកអាចនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះឡើយ»។

ប្រភពមួយបានឲ្យដឹងថា ថ្វីត្បិតពេលនេះលោក Gotabaya មិននៅក្នុងប្រទេសក៏អតីតប្រធានាធិបតីរូបនេះ នៅតែទាក់ទងជាមួយលោក Ranil Wickremesinghe ដើម្បីដោះស្រាយកិច្ចការរដ្ឋាភិបាល និង មុខងាររបស់រដ្ឋាភិបាលផ្សេងទៀតដដែល។

សូមរំលឹកថា បន្ទាប់ពីមានការតវ៉ាឲ្យអតីតប្រធានាធិបតីស្រីលង្កា លោក Rajapaksa ចុះចេញពីតំណែងជុំវិញការគ្រប់គ្រងប្រទេសមិនបានល្អ លោកបានភៀសខ្លួនចេញពីប្រទេសទាំងគ្រួសារកាលពីថ្ងៃទី ១៣ ខែ កក្កដា ហើយបានលាលែងពីតំណែងតាមក្រោយ ដោយបច្ចុប្បន្នលោក កំពុងស្នាក់នៅក្នុងប្រទេសសិង្ហបុរី។

ប៉ុន្ដែទោះជាយ៉ាងណាលោក Rajapaksa ត្រូវបានតុលាការកំពូលបញ្ជាឲ្យបង្ហាញខ្លួននៅថ្ងៃទី​ ០១ ខែ សីហា នេះ សម្រាប់ញត្តិដែលភ្ជាប់លោកជាមួយនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស៕

ចុចអាន៖ តុលាការកំពូលបញ្ជាឲ្យអតីតប្រធានាធិបតីស្រីលង្កាបង្ហាញខ្លួននៅថ្ងៃទី ១ ខែ សីហា

ប្រភព៖ The Straits Times

Share.