
សេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិកលោក Forrest Li ដែលជាម្ចាស់ក្លិបបាល់ទាត់ Lion City Sailors ក្នុងលីគកំពូលប្រទេសសិង្ហបុរី ទទួលបានតំណែងនៅក្នុងសមាជិកគណៈកម្មាធិការអូឡាំពិកសិង្ហបុរី កាលពីពេលថ្មីៗនេះ។
បុរសវ័យ៤០ប្លាយរូបនេះជាថៅកែក្រុមហ៊ុនអ៊ីធើណែត Sea Ltd ដែលត្រូវបានសារព័ត៌មាន Forbes ស្រាវជ្រាវថាមានទ្រព្យប្រមាណ១៣.៧ប៊ីលានដុល្លារអាមេរិក។ ការចូលរួមរបស់លោកក្នុងតំណែងក្បាលម៉ាស៊ីន កីឡានេះត្រូវបានគេរំពឹងទុកថា នឹងមាន«ទស្សនវិស័យខ្ពស់ដ៏មានតម្លៃចំពោះកីឡាសិង្ហបុរី»។
ក្រោយទទួលបានតំណែងលោក Forrest Li បានថ្លែងថា៖«ជាកិត្តយសរបស់ខ្ញុំដែលបានចូលរួមជាសមាជិកគណៈកម្មាធិការអូឡាំពិកសិង្ហបុរី ដែលយើងនឹងចាប់ដៃគ្នាគាំទ្រអត្តពលិកជម្រើសជាតិយើង និងសហគមន៍របស់យើង»។ លោកក៏មានការសាទរពីសំណាក់សមាជិកចាស់ថ្មី ផងដែរ។
អត្ថបទពាក់ព័ន្ធ៖ប្រធានក្រុមជម្រើសជាតិសិង្ហបុរី ស្ពាយជោគជ័យពីក្លិបសេដ្ឋីម៉ាឡេស៊ី ទៅស្រុកកំណើតវិញ
សូមបញ្ជាក់ថាលោក Forrest Li បានទិញយកក្លិបបាល់ទាត់ Home United នៅឆ្នាំ២០២០ ហើយប្តូរឈ្មោះក្លិបនេះទៅជា Lion City Sailors វិញ ខណៈលោកក៏ជាស្ថាបនិកក្រុមហ៊ុនមួយចំនួនដូចជា Shopee, Garena និង Loading ជាដើម៕
