គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចលុបចោលការប្រកួត រវាងក្លិបបឹងកេត និងក្លិបកីឡាបាល់ទាត់វិសាខា ក្នុងសប្ដាហ៍ទី១ នៃវគ្គជម្រុះពូល A នៃពានរង្វាន់ League Cup 2021 By Forward នៅថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ នេះ ខណៈក្លិបបាល់ទាត់វិសាខា អះអាងថាទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ។

តាមគម្រោងការប្រកួតរវាងបឹងកេត ជាមួយវិសាខា ត្រូវធ្វើនៅ៣៖៣០នាទីរសៀល ថ្ងៃទី៥ ខែមិថុនានេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ ប៉ុន្ដែដោយមានករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើមន្ដ្រីក្លិបបឹងកេតម្នាក់ CNCC ក៏សម្រេចលុបចោលការប្រកួតនេះតែម្ដង ។
អត្ថបទពាក់ព័ន្ធ៖ពាន League Cup 2021 ចាប់ពូលរួចហើយ ខណៈប្រកួត២៣ថ្ងៃរកឃើញម្ចាស់ជើងឯក
ក្លិបបាល់ទាត់វិសាខា បានបញ្ជាក់នៅលើ Application ផ្លូវការរបស់ខ្លួនថា ផ្អែកលើលក្ខខណ្ឌប្រកួតពានLeague Cup 2021 By Forward នេះ ករណីក្រុមណាមួយរកឃើញថា មានការពាក់ព័ន្ធជំងឺកូវីដ-១៩ ធ្វើឲ្យការប្រកួតមិនអាចដំណើរការបាន ក្រុមនោះនឹងត្រូវកាត់ចេញពីការប្រកួតដោយលទ្ធផលចាញ់ ៣-០ ។ អាស្រ័យហេតុនេះមានន័យថា ក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង បានទទួល ៣ពិន្ទុដោយស្វ័យប្រវត្តិពីការលុបចោលការប្រកួតសប្ដាហ៍ទី១ នេះ ។
ពានរង្វាន់ League Cup 2021 By Forward គឺមាន ៨ក្លិបចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពួកយើង ស្ថិតក្នុងពូល A ជាមួយក្លិបបឹងកេត ភ្នំពេញក្រោន និងក្លិប ISI ដង្កោសែនជ័យ ដោយការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ក្រុមខ្លាំងតាមពូលនីមួយៗចំនួន២ក្រុមមានឈ្មោះឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តផ្ដាច់ព្រ័ត្រ៕
ចំពោះកម្មវិធីប្រកួតសរុបក្នុងពាន League Cup 2021 By Forward សូមចុចនៅទីនេះ…
