ក្លិប Chelsea លើក​ពាន UCL

លោក Thomas Tuchel ដែល​នាំ​ក្រុម​តោខៀវ Chelsea លើក​ពាន UEFA Champion League រដូវកាល​២០២០-២១ កាល​ពី​ពេល​ថ្មីៗ បាន​​សម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​នៅ​ទីក្រុង​ឡុងដុង មួយ​នេះ​រហូត​ដល់​ឆ្នាំ​២០២៤ ខាង​មុខ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន eurosport។

បុរស​ជនជាតិ​អាល្លឺម៉ង់ រូប​នេះ​បាន​ធ្វើដំណើរ​ទៅ​ដល់​កីឡដ្ឋាន Stamford Bridge កាល​ពី​ខែ​មករា កន្លង​ទៅ​ជំនួស​លោក Frank Lampard ដែល​ក្ដៅ​កៅអី​ក្រោយ​ដឹកនាំ​មិន​សូវ​បាន​ល្អ។ លោក​បាន​ស្រោចស្រង់​ក្រៅ​ឈរ​ចំណាត់​ថ្នាក់​លេខ៤​ក្នុង​ពានរង្វាន់​លីគ​កំពូល​ប្រទេស​អង់គ្លេស English Premier League និង​ឈ្នះ​ជើង​ឯក​ពានរង្វាន់​ទ្វីប​អឺរ៉ុប UEFA Champion League។

លោក Thomas Tuchel

ក្រោយ​កាន់​ប៊ិច​ចុះ​កិច្ចសន្យា​ថ្មី​នេះ លោក Thomas Tuchel លើក​ឡើង​ថា៖«ខ្ញុំ​មិន​នឹង​ស្មាន​ថា​ជា​ឱកាស​ល្អ​សម្រាប់​បន្ត​កិច្ចសន្យា​នេះ។ ខ្ញុំ​មាន​កិត្តិយស​ក្រៃលែង​ចំពោះ​បទពិសោធន៍​និង​សេចក្តី​រីករាយ​ក្នុង​ការ​បន្ត​ការងារ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ Chelsea។ នៅ​មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​​ធ្វើ និង​ធ្វើ​ជា​ជំហ៊ានៗ​ឱ្យ​ជោគជ័យ​តាម​គោលដៅ​របស់​យើង»។

អត្ថបទពាក់ព័ន្ធ៖រឿង​៤​យ៉ាង ដែល Chelsea ទទួល​បាន​ក្រោយ​ឈ្នះ​ជើង​ឯក UEFA Champion League

លោក Marina Granovskaia នាយក​បច្ចេកទេស​របស់​ក្លិប Chelsea សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​ជា​ច្រើន​​នៅ​ក្នុង​ក្រុម ក្រោយ​លោក Tuchel ចូលរួម​គិត​ពី​ខែ​មករា មក​ហើយ​លោក រំពឹង​ថា​បុរស​វ័យ​៤៧ឆ្នាំរូប​នេះ​នឹង​បន្ត​ជួយ​ក្រុម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​បេសកកម្ម​នានា​នៅ​ពេល​ខាង​មុខ។

លោក Thomas Tuchel ជាមួយ​ប្រធាន​ក្លិប​ Chelsea

មុន​មក​ដល់ Chelsea លោក Thomas Tuchel ធ្លាប់​ដឹកនាំ​ក្រុម FC Augsburg II នៅ​ស្រុក​កំណើត ចន្លោះ​ឆ្នាំ​២០០៧-០៨ ហើយ​នៅ​ឆ្នាំ​២០០៩ ដល់​២០១៤ បាន​ដឹកនាំ​ក្រុម Mainz 05 មុន​ដឹកនាំ​ក្រុម​Borussia Dortmund ចន្លោះ​ឆ្នាំ​២០១៥-១៧។ ចាប់​ពី​ឆ្នាំ​២០១៨-២០២០ លោក​ធ្វើ​ដំណើរ​ទៅ​បារាំង ដឹកនាំ​ក្រុម​យក្ស Paris Saint-Germain៕

អត្ថបទពាក់ព័ន្ធ៖N’Golo Kante កីឡាករ​ទី៦ ដែល​ឈ្នះ​ពាន World Cup, Premier League និង​Champions League

Telegram-Troryorng
Share.