
ពានរង្វាន់បាល់ទាត់វ័យ១០៥ឆ្នាំ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង The South American Football Confederation (CONMEBOL) សម្រេចរៀបចំឡើងនៅប្រទេសប្រេស៊ីល តែម្តងក្រោយសហម្ចាស់ផ្ទះអាហ្សង់ទីន និងកូឡុំប៊ី សុំដកខ្លួន មុនការប្រកួតចាប់ផ្ដើមតែ១៣ថ្ងៃប៉ុណ្ណោះដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសទាំង២មានការឆ្លងរីករាលដាលខ្លាំង។
តាមផែនការព្រឹត្តិការណ៍នេះមានក្រុមចូលរួមចំនួន១០ក្រុម បែងចែកជា២ពូល នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ ពូល A អាហ្សង់ទីន,ប៉ូឡាវី,អ៊ុយរុយហ្គាយ,ប៉ារ៉ាហ្គាយ ចំណែកពូល B កូឡុំប៊ី,ប្រេស៊ីល,វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និងប៉េរូ។ ក្រុមចំណាត់ថ្នាក់លេខ១និងលេខ២ តាមពូលនីមួយៗមានឈ្មោះឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រៀមដណ្តើមជើងឯកជាបន្ត។
អត្ថបទពាក់ព័ន្ធ៖អាមេរិកខាងត្បូង គ្រោងយកវ៉ាក់សាំងចិនSinovac ចាក់ឱ្យកីឡាករមុនប្រកួតជើងឯកប្រចាំទ្វីប
ប្រទេសប្រេស៊ីល បានសម្រេចប្រើប្រាស់កីឡដ្ឋានចំនួន៥ក្នុងចំណោម៤ទីក្រុង នៅប្រទេសរបស់ខ្លួនដើម្បីទទួលរៀបចំការប្រកួតប្រចាំទ្វីបនេះ។ ការប្រកួតបើកឆាកពូល B ធ្វើមុនគេក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមប្រេស៊ីល ប៉ះវេណេហ្ស៊ុយអេឡា ហើយក្រុមកូឡុំប៊ី ជួបអេក្វាឌ័រ។ ចំណែកពូល A ប្រកួតនៅថ្ងៃទី១៤ ខែមិថុនា ក្រុមអាហ្សង់ទីន ប៉ះឈីលី និងប៉ារ៉ាហ្គាយ ជួបបូលីវី។
ពានរង្វាន់ Copa America រៀបចំឡើងតាំងពីឆ្នាំ១៩១៦ ហើយក្រោយមកវិវត្តន៍រៀបចំនៅរាល់៣ឆ្នាំម្តង ដោយប្រទេសអ៊ុយរ៉ាហ្គាយ ឈ្នះពានរង្វាន់បានច្រើនជាងគេ គឺរហូតដល់១៥លើក ខណៈក្រុមប្រេស៊ីល ជាម្ចាស់ជើងឯកឆ្នាំចាស់កាលពីឆ្នាំ២០១៩។ ចំណែកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះបាន១៤លើក ក្រុមប៉ារ៉ាហ្គាយ និងឈីលី ឈ្នះបានម្នាក់២លើក និងកូឡុំប៊ី និងបូឡាវី ឈ្នះម្នាក់១លើក៕
