ពានរង្វាន់បាល់ទាត់សិង្ហបុរី Singapore Premier League បានប្រកាសថានឹងសម្រាក កាន់ទុក្ខចំពោះមរណភាពរបស់លោក Lim Kia Tong ប្រធានសមាគមបាល់ទាត់របស់ប្រទេសសិង្ហបុរី ដែលបានលាចាកលោកនៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងវ័យ ៧០ឆ្នាំ ដោយសារជំងឺគាំងបេះដូង។

លោក Lim Kia Tong ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថាបានគាំងបេះដូង នៅក្នុងបន្ទប់ការិយាល័យរបស់លោក។ លោកត្រូវបានកាន់តួរនាទីក្បាលម៉ាស៊ីនសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី អាណត្តិដំបូងពីឆ្នាំ ២០១៧-២០២១ និងអាណត្តិទី២ ពីឆ្នាំ២០២១ដល់២០២៥ តែទើបតែដល់ឆ្នាំ២០២២នេះ លោកលាចាកលោកទៅ។ ក្រៅពីនោះលោកក៏មានតំណែងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ាន ផងដែរ។

អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្ត​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​សិង្ហបុរី ៥ឆ្នាំ​ទៀត​ដោយ​​រលូន

ដូច្នេះពានរង្វាន់ Singapore Premier League នឹងធ្វើការលើកពេលពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ សប្ដាហ៍ក្រោយ ខណៈការចាប់ឆ្នោតពានរង្វាន់ 2022 Singapore Cup ដែលត្រូវធ្វើនៅថ្ងៃពុធ សប្ដាហ៍នេះក៏ត្រូវលើកពេលទៅខែក្រោយផងដែរ បន្ទាប់ពីពានរង្វាន់មួយនេះផ្អាកអស់រយៈពេល២ឆ្នាំដោយសារស្ថានភាពកូវីដ-១៩។

កីឡាករ លោក Lim Kia Tong ធ្លាប់ប្រកបអាជីពជាកីឡាករនៅក្រុម Geylang International (ក្រោយមកប្តូរឈ្មោះជា Geylang United) នៅក្នុង Singapore Premier League មុនពេលមុនផ្ទេរទៅកាន់ក្រុម Singapore Lions ក្នុងឆ្នាំ១៩៩៤ ព្រមទាំងធ្លាប់ឈ្នះពាន M-League និង Malaysia Cup នៅឆ្នាំជាមួយគ្នានោះ។ ក្រោយមកលោកបានចូលរួមក្នុងក្រុម Tiong Bahru United (ក្រោយមកប្តូរឈ្មោះទៅជា Tanjong Pagar United) ក្នុងឆ្នាំ១៩៩៦ ហើយនៅឆ្នាំ១៩៩៨ ត្រូវតែងតាំងជាប្រធានក្រុម។

នៅឆ្នាំ២០០២ លោកបានផ្ទេរទៅកាន់ក្រុម Geylang United ហើយបង្ហាញខ្លួនបាន២រូបកាល ក៏ចូលនិវត្តន៍ពីបាល់ទាត់តែម្តង៕

Share.