


ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលរបស់ថៃ ដណ្តើមបានឱកាសចូលរួមក្នុងពានរង្វាន់ FIFA Futsal World Cup ជាលើកទី៦ ហើយបើគិតទាំងឱកាសក្នុងឆ្នាំ២០២១ នេះទៀត ខណៈកីឡាករ Kritsada Wongkaeo ដែលធ្លាប់ជួយក្រុមជម្រើសជាតិខ្លួនដល់ទី២លើកគឺនៅឆ្នាំ២០១២និង២០១៦ រំពឹងថាក្រុមខ្លួននឹងអាចឆ្លងផុតវគ្គចែកពូល។
អត្ថបទពាក់ព័ន្ធ៖ហ្វូតសាលថៃ និងវៀតណាម ដឹកដៃគ្នាទៅលេង World Cup (វីដេអូ)
ក្រុមថៃ ស្ថិតនៅក្នុងពូល C ជាមួយព័រទុយហ្គាល់ មកពីទ្វីបអឺរ៉ុប ម៉ារ៉ុក មកពីទ្វីបអាហ្រ្វិក និងក្រុមកោះសូឡូម៉ុង មកពីទ្វីបអូសេអានី។ ថៃ ត្រូវប្រកួតបើកឆាក ជាមួយក្រុមព័រទុយហ្គាល់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។



«ខ្ញុំចង់ជួយក្រុមឱ្យឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ក្នុងពាន FIFA Futsal World Cup លើកនេះ។ យើងមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែយើងក៏មិនត្រូវមើលស្រាលសភាពការណ៍ដែរ។ យើងត្រូវធ្វើការធ្ងន់រួមគ្នា គ្រប់ការប្រកួត។ យើងមិនអាចគិតថាវាពិបាកពេកទេ ក្នុងពូលយើង តែក៏មិនត្រូវមើលស្រាលក្រុមណាមួយដែរ។ បើមើលឱ្យចំព័រទុយហ្គាល់ គេខ្លាំងមែន ហើយក្រុមកម្រិតបន្ទាប់គឺម៉ារ៉ុក និងកោះសូឡូម៉ុង» កីឡាករ Kritsada លើកឡើង។
ក្រៅពីមានឱកាសចូលលេងក្នុងពាន FIFA Futsal World Cup ក្រុមថៃ ធ្លាប់ឆ្លងផុតវគ្គជម្រុះតាមពូលបាន២លើកដែរ កាលពីឆ្នាំ២០១២ ដែលធ្វើឡើងនៅទឹកដីរបស់ខ្លូន និងនៅឆ្នាំ២០១៦ ធ្វើឡើងនៅប្រទេសកូឡុំប៊ី។
អត្ថបទពាក់ព័ន្ធ៖សមាជិកហ្វូតសាលវៀតណាម ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ មុនជម្រុះ World Cup
សូមបញ្ជាក់ថាក្រុមថៃ ជាក្រុមមួយក្នុងចំណោម៥ប្រទេស តំណាងឱ្យទ្វីបអាស៊ី ទៅចូលរួមប្រកួតក្នុងពានរង្វាន់ហ្វូតសាលជើងឯកពិភពលោក 2021 FIFA Futsal World Cup នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ ចំណែកក្រុម៤ទៀតមាន ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និងវៀតណាម៕


