
លោក Yaqoob Abdul Baki អាជ្ញាកណ្ដាលជនជាតិអូម៉ង់ នឹងដឹកនាំការប្រកួតរវាងក្រុមអ៊ីរ៉ាក់ ជាមួយកម្ពុជា នៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋាន Sheikh Ali Bin Mohammed Al Khalifa Stadium ក្នុងប្រទេសបារ៉ែន ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ជើងឯកទ្វីបអាស៊ី។
អាជ្ញាកណ្ដាលកណ្តាលស្តង់ដារអន្តរជាតិរូបនេះ ធ្លាប់ដឹកនាំការប្រកួតរវាងក្រុមម្ចាស់ផ្ទះម៉ាកាវ ជាមួយកម្ពុជា កាលពីឆ្នាំ២០១៥ ក្នុងជើងទី២ វគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2018 FIFA World Cup។ លទ្ធផលកាលណោះក្រុមទាំង២ស្មើគ្នា ១ទល់១ ហើយ១គ្រាប់របស់កម្ពុជា រកបានដោយ ធារី ចន្ថាប៊ីន។ ប្រកួតនោះដែរគឺជាការកាត់សេចក្តីប្រកួតផ្លូវការលើឆាកអន្តរជាតិលើកដំបូងរបស់លោក ព្រមទាំងចាយកាតលឿងបាន១ ដោយពិន័យលើកីឡាករកម្ពុជា ងយ ស្រ៊ីន។
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ដឹងរឿងទាំង៥នេះហើយ គិតថាកម្ពុជា ឬ អ៊ីរ៉ាក់ ជាអ្នកឈ្នះ នៅយប់នេះ?
បើតាមវិបសាយរបស់ FIFA ក្រៅពីលោក លោក Yaqoob Abdul Baki កាន់កញ្ចែលើទីលានលោកក៏មានជំនួយការ៣រួបទៀតរួមមានអាជ្ញាកណ្តាលទី១លោក Hamed Talib Saif Al Ghafri ជាជនជាតិអូម៉ង់ ដែរ ខណៈជំនួយការអាជ្ញាកណ្ដាលទី២លោក Mohammad Alkalaf ជនជាតិហ្សកដានី និងមន្រ្តីទី៤លោក MAKHADMEH Adham ជនជាតិហ្សកដានី៕
