


ប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២១ បានផ្ញើលិខិតទៅបណ្តាប្រទេសនានាជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ស្តីពីការពន្យារពេលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនៅចុងឆ្នាំ២០២១ នេះទៅធ្វើនៅឆ្នាំ២០២២ វិញដោយសារតែវិបត្តិជំងឺកូវីដ-១៩។
តាមផែនការការប្រកួតកីឡាស៊ីហ្គេម ធ្វើឡើងនៅរាល់២ឆ្នាំម្តង ខណៈឆ្នាំ២០២១ នេះវេនធ្វើឡើង២ឆ្នាំបន្ទាប់ពីហ្វីលីពីន កាលពីឆ្នាំ២០១៩។ វៀតណាម គ្រោងនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែបានស្នើសុំលើកពេលទៅធ្វើនៅឆ្នាំ២០២២ជំនួសវិញ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថាម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងស្តីពីការពន្យារពេលស៊ីហ្គេមឆ្នាំ២០២១នេះ ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ។ ភាគីកម្ពុជា បានទទួលលិខិតពីវៀតណាមថាខ្លួនមានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីស្នើសុំយោបល់ជាមុនសិន ទើបអ្វីៗសម្រេចជាផ្លូវការ។ កិច្ចប្រជុំបន្ទាន់នេះនឹងត្រូវធ្វើឡើង នៅថ្ងៃពុធ ទី៩ ខែមិថុនា ២០២១ វេលាម៉ោង ១រសៀល តាមប្រព័ន្ធ Zoom។
អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេមឆ្នាំ២០២៣ នឹងធ្វើនៅ រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងកំពត
វៀតណាម ធ្លាប់បានបញ្ជាក់ពីផែនការ២ក្នុងសម័យកាលកូវីដ-១៩ នេះដើម្បីធ្វើជាម្ចាស់ផ្ទះដោយរលូន ប៉ុន្តែអ្វីៗបានប្រែប្រួលខ្លាំងទាំងក្នុងប្រទេសវៀតណាម តំបន់អាស៊ាន និងពិភពលោក។ ចំពោះក្រុមម្ចាស់ផ្ទះវៀតណាម វិញគិតត្រឹមថ្ងៃចន្ទ ម្សិលមិញមានអ្នកឆ្លងកូវីដ-១៩ ២០១នាក់ ខណៈអ្នកឆ្លងសរុបចំនួន៨៨៨៣នាក់ ស្លាប់៥៣នាក់ ជាសះស្បើយ២២៦៨នាក់និងកំពុងសម្រាកព្យាបាល៥៤៦២នាក់។
កន្លងមកម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម បានកំណត់ប្រភេទកីឡាចំនួន៤០ប្រភេទមានវិញ្ញាសាសរុបចំនួន ៥២៦ ដាក់ឱ្យអត្តពលិកមកពីប្រទេសអាស៊ានចូលរួមប្រកួតប្រជែង៕
អត្ថបទពាក់ព័ន្ធ៖ហ្វីលីពីន ថាម្ចាស់ផ្ទះវៀតណាមកំណត់ «មិនចាក់វ៉ាក់សំាង មិនឱ្យចូលប្រកួត» ក្នុងស៊ីហ្គេម
ប្រភព៖Cambodia SEA GAMES 2023


