ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មការ​ស៊ីហ្គេម ដែល​មាន​ប្រទេស​ជា​សមាជិក​​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​​ថា​អាស៊ាន​ចូលរួម​នោះ មាន​សម្រេច​ជំហាន​ដំបូង​មិន​គាំទ្រ​ការ​​ស្នើសុំ​លើក​ពេល​ប្រកួត​របស់​ម្ចាស់​ផ្ទះ​វៀតណាម ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ ខាង​មុខ ដោយ​ហេតុផល​​វិបត្តិ​កូវីដ-១៩។

បើ​តាមសារព័ត៌មាន tv5.espn របស់​ហ្វីលីពីន បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ពុធ នេះ​​​ថា​​ ក្នុង​កិច្ចប្រជុំ​​មន្រ្តី​ស៊ីហ្គេម មក​ពី​១១​ប្រទេស​ (បូក​ទាំង​ទីម័រខាងកើត) តាម​ប្រព័ន្ធ​អនឡាញ មាន​ប្រទេស​ចំនួន​៨ បាន​បដិសេធ​សុំ​​មិន​គាំទ្រ​​ការ​សុំ​លើក​ពេល​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ ក្នុង​នោះ​មាន​កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ប្រ៊ុយណេ ថៃ និង​ម៉ាឡេស៊ី។ ចំណែក​មីយ៉ាន់ម៉ា សុំ​គាំទ្រ​​ការ​ស្នើសុំ​លើក​ពេល​នេះ តែ​ឡាវ សុំ​ការ​សម្រេច​ចិត្ត​ពី​ក្រុម​ប្រឹក្សា​កីឡា​របស់​ខ្លួន​សិន ហើយ​ទីម័រខាងកើត មិន​មាន​ការ​ឆ្លើយ​តប។

លទ្ធផល​ពី​កិច្ចប្រជុំ​នេះ ត្រូវ​បាន​ដាក់​​ជា​​ប្រធាន​បទ​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​អង្គ​ប្រជុំ​​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ដែល​គ្រោង​​ធ្វើ​ឡើង​នៅ​២​សប្ដាហ៍​បន្ទាប់ ដើម្បី​សម្រេច​ថា​​គួរ​លើក​ពេល​នៃ​ការ​ប្រកួត​តាម​ការ​ស្នើសុំ​របស់​ម្ចាស់​ផ្ទះ​វៀតណាម ឬ យ៉ាង​ណា?

អត្ថបទពាក់ព័ន្ធ៖វិបត្តិ​កូវីដ-១៩ នៅ​កម្ពុជា ឡាវ ថៃ ដល់​​ថ្នាក់​យក​កីឡដ្ឋាន​ធ្វើ​ជា​ពេទ្យ​សម្រាប់​ព្យាបាល​ដូចគ្នា

តាម​ផែនការ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ធ្វើ​ឡើង​នៅ​រាល់​២ឆ្នាំ​ម្តង​ ខណៈ​ឆ្នាំ​២០២១ នេះ​វេន​ធ្វើ​ឡើង​២ឆ្នាំ​បន្ទាប់​ពី​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០១៩។ វៀតណាម គ្រោង​នឹង​ធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែ​​កាល​ពី​ពេល​ថ្មីៗ បាន​ស្នើសុំ​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២២ជំនួសវិញ។​​

សូម​បញ្ជាក់​ថា​ពេល​នេះ​ទីលាន​កីឡា​វាយ​សី នៅ Bac Giang ត្រូវ​បាន​យក​ដាក់​អ្នក​ជំងឺ​កូវីដ-១៩ នៅ​ឡើយ ខណៈ​សារព័ត៌មាន​នៅ​វៀតណាម បាន​បញ្ជាក់​ថា​​ប្រទេស​ខ្លួន​ទើប​តែ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ បាន​តិចតួច​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ហ្វីលីពីន ថា​ម្ចាស់​ផ្ទះ​វៀតណាម​​កំណត់​ ​«មិន​ចាក់​វ៉ាក់សំាង មិន​ឱ្យ​ចូល​​ប្រកួត» ក្នុង​ស៊ីហ្គេម

កន្លង​មក​វៀតណាម ធ្លាប់​បាន​ដាក់​​គោលការណ៍​សម្រាប់​អត្តពលិក​ពី​ប្រទេស​អាស៊ាន​ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​ថា «មិន​បាន​ចាក់​វ៉ាក់សាំង មិន​ឱ្យ​ចូល​ប្រកួត» ស្រប​ពេល​​តាម​ផែនការ​ទំនង​មាន​អត្តពលិក​ពី​ប្រទេស​អាស៊ាន​ចូលរួម​ប្រមាណ​ជាង​៧០០០នាក់​ផង​ដែរ។

កន្លង​មក​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​វៀតណាម បាន​កំណត់​ប្រភេទ​កីឡា​​ចំនួន​៤០ប្រភេទ​​​មាន​វិញ្ញាសា​សរុប​ចំនួន ​៥២៦ ដាក់​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​អាស៊ាន​​ចូលរួម​ប្រកួត​ប្រជែង៕

Telegram-Troryorng
Share.